ដោយៈ លក្ខិណា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជាច្រើនបានជឿជាក់ថា នៅពេលវិបត្តិកូវីដ១៩បានបញ្ចប់ ការវិនិយោគលើវិស័យអចលនទ្រព្យនឹងចាប់ផ្ដើមមានសន្ទុះងើបឡើងវិញ ខណៈទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដីក៏សកម្មភាពនៃការវិនិយោគនិងទិញលក់អចលនទ្រព្យនៅតែមើលឃើញថាមានដំណើរការដដែល។
លោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា បើសិនជាវិបត្តិកូវីដ១៩បានបញ្ចប់នៅពេលឆាប់ឬអាចនិយាយបាននៅមុខដំណាច់ឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យអាចនឹងស្ដារឡើងវិញដោយអាចទាក់ទាញការវិនិយោគពីខាងក្រៅ និងក្នុងប្រទេសឱ្យមានសកម្មភាពឡើងវិញផងដែរ។
លោកបាថ្លែងថា “យើងឃើញថាមួយរយៈនេះ ស្ថានភាពអចលនទ្រព្យនៅទ្រឹងបន្តិច ប៉ុន្តែបើសិនជាស្ថានភាពឆាប់ដោះស្រាយបាន ហើយឆាប់ចប់ ខ្ញុំគិតថាវិស័យអចលនទ្រព្យនឹងមិនប៉ះពាល់ធ្ងន់ធ្ងរជាងនេះនោះទេ ហើយអាចរុញឱ្យស្ថានភាពត្រលប់ទៅល្អប្រសើរឡើងវិញបាន” ។
លោកបានបន្តថា នៅក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ១៩ វិស័យអចលនទ្រព្យស្ទើរតែគ្រប់ផ្នែកក៏បានជួបបញ្ហាដូចជាការទិញលក់ ការជួលទៅលើដីធ្លី លំនៅឋាន ខុនដូ និងផ្នែកផ្សេងៗទៀត ហើយនៅពេលដែលចប់កូវីដ១៩ ផ្នែកទាំងនោះនឹងងើបឡើងដំណាលគ្នាទាំងការទិញលក់ដី ទាំងតម្លៃ ជាដើម។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា ជាការពិតណាស់នៅក្នុងវិបត្តិកូវីដ១៩ ផលប៉ះពាល់ទៅលើដីធ្លីនិងអចលនទ្រព្យផ្សេងទៀត គឺមានទំហំធំជាពិសេសនៅពេលបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលខ្ពស់។
លោកបានបន្តថា យ៉ាងណាក្ដីពួកយើងជឿជាក់ថារដ្ឋាភិបាលនឹងទប់ស្កាត់ការឆ្លងនេះបានឆាប់ៗ ហើយនឹងជំរុញឱ្យវិស័យអចលនទ្រព្យមានសន្ទុះងើបឡើងវិញដូចនឹងមុនពេលមានវិបត្តិ។
លោកបន្តថា តាំងពីឆ្នាំ២០២០មក វិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជាគឺបានជួបប្រទះនឹងបញ្ហាប្រឈម ដោយបាត់បង់នូវសកម្មភាពនៃការវិនិយោគពីខាងក្រៅ និងខាងក្នុង សកម្មភាពនៃការទិញលក់ជាដើម។ ប៉ុន្តែយ៉ាងណាបើធៀបនឹងប្រទេសជិតខាងស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរជាង ដោយបណ្ដាធនាគារមួយចំនួនៅតែបន្តផ្ដល់កម្ចីក្នុងវិស័យនេះ ដើម្បីវិនិយោគិន ហើយការទិញលក់ក៏នៅតែមានជាហូរហែដែរជាពិសេសតំបន់ដែលមានសក្ដានុពលក្នុងការវិនិយោគ៕