ដោយៈសុខុម
ភ្នំពេញ: Rosewood Phnom Penh ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដែលមានទីតាំង ស្ថិតនៅចំចំណុចបេះដូងនៃរាជធានីភ្នំពេញ។ ដោយមានកម្ពស់ផុតពីផ្ទៃដី១៨៨ម៉ែត្រ សណ្ឋាគារនេះកាន់កាប់ជាន់កំពូលចំនួន១៤ជាន់ នៃអគារកញ្ចក់ Vattanac Capital Tower ដែលជាសំណង់ស្ថាបត្យកម្មថ្មី ដ៏ល្បីល្បាញនៅក្នុងរាជធានី និងជានិមិត្តរូបនៃប្រទេសកម្ពុជានាសម័យទំនើប។
ប៉ុន្តែទាំងអស់គ្នាដឹងទេថា តើម៉ាកយីហោ (Brand) នៃសណ្ឋាគារ Rosewood មានប្រភពចេញពីទីណា មានប្រវត្តិបែបណា ហើយនរណាជាម្ចាស់? កុំឱ្យខាតពេកយូរ មកស្វែងយល់ទាំងអស់គ្នា៖
*ប្រវត្តិ
លោកស្រី Caroline Rose Hunt ដែលជាជនជាតិអាមេរិក បានបង្កើតម៉ាកយីហោ Rosewood នៅក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៩ ដោយចង់បង្កើតសណ្ឋាគារប្រណីត ដើម្បីផ្ដល់សេវាកម្មពិសេស ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ មួយឆ្នាំក្រោយមក លោកស្រី Caroline Rose Hunt បានប្រែក្លាយភូមិគ្រឹះរបស់លោក Sheppard King ដែលជាមហាសេដ្ឋីរកស៊ីខាងកប្បាស ទៅជាសណ្ឋាគារ Rosewood ដំបូងបង្អស់ដោយដាក់ឈ្មោះថា The Mansion on Turtle Creek មានទីតាំងស្ថិតនៅតំបន់ Turtle Creek ក្នុងរដ្ឋ Pennsylvania។
*ការទិញយកដោយក្រុមហ៊ុន Rosewood Hotel Group
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Rosewood Hotel Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង (កាលពីមុនមានឈ្មោះថា New World Hospitality ហើយបានប្ដូរឈ្មោះថ្មីថា Rosewood Hotel Group នៅខែឧសភា ឆ្នាំ២០១៣) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chow Tai Fook Enterprises។
កាលពីមុន Rosewood Hotel Group គឺជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ New World China Land របស់ New World Group។ ក្រុមហ៊ុននេះបានប្រកាសនៅខែមិថុនា ឆ្នាំ២០១១ថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញលក់ ដើម្បីទិញយកក្រុមហ៊ុន Rosewood Hotels & Resorts ពីក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co។
កិច្ចព្រមព្រៀងទិញលក់នោះ ត្រូវបានបញ្ចប់សព្វគ្រប់នៅខែកក្កដា ឆ្នាំ២០១១ ដោយក្រុមហ៊ុន Rosewood Hotel Group បានលើកឡើង តាមរយៈសេចក្ដីប្រកាសព័ត៌មានថា Rosewood នឹងធ្វើប្រតិបត្តិការជាម៉ាកយីហោប្រណីត នៃអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងសម្លឹងចាប់ឱកាស ពង្រីកខ្លួនទ្វេដងក្នុងរយៈពេល៥ឆ្នាំ។
Rosewood Hotels & Resorts ត្រូវបានបង្កើតឡើងនៅក្រុង Dallas រដ្ឋតិចសាស ក្នុងឆ្នាំ១៩៧៩ ដោយលោកស្រី Caroline Rose Hunt ដែលជាកូនស្រីរបស់លោក H. L. Hunt ដែលជាមហាសេដ្ឋីប្រេង និងជាសកម្មជននយោបាយ មកពីគណបក្សសាធារណ រដ្ឋ។
ក្រុមហ៊ុននេះ ត្រូវបានក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co លក់ក្នុងឆ្នាំ២០១១ ឱ្យទៅក្រុមហ៊ុន New World Hospitality ក្នុងតម្លៃ២២៩លានដុល្លារ រួមជាមួយសណ្ឋាគារ៥ ទីតាំងទៀតដែលលក់ក្នុងតម្លៃ៥៧០លានដុល្លារ។
បច្ចុប្បន្នក្រុមហ៊ុនសណ្ឋាគារ និងរីហ្សតប្រណីតអន្តរជាតិមួយនេះ ធ្វើប្រតិបត្តិការសណ្ឋាគារចំនួន២៨ ទីតាំងនៅក្នុងប្រទេសចំនួន១៦ ដូចជា៖
*ប្រតិបត្តិការនៅទ្វីបអាមេរិក
សហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក កោះ British Virgin Islands កោះបាហាម៉ា និងប្រទេសប្រេស៊ីល។
*ប្រតិបត្តិការនៅទ្វីបអឺរ៉ុប
ប្រទេសអង់គ្លេស ប្រទេសអ៊ីតាលី ប្រទេសបារាំង
*ប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា
ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមមេរីរ៉ាត
*ប្រតិបត្តិការនៅទ្វីបអាស៊ី
ប្រទេសចិន ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
*នាយកប្រតិបត្តិបច្ចុប្បន្នរបស់ Rosewood Hotel Group
យោងតាមគេហទំព័រ cnbc.com ឱ្យដឹងថា ស្ត្រីវ័យក្មេងឈ្មោះ Sonia Cheng ដែលជានិស្សិត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard University ដ៏ល្បីល្បាញមកពីគ្រួសារមហាសេដ្ឋីចិនហុងកុងមួយ ដែលមានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ។ គ្រួសារនេះ រកស៊ីខាងគ្រឿងអលង្ការ និងអចលនទ្រព្យ។
ស្ត្រីវ័យក្មេង Sonia Cheng បានគ្រប់គ្រងក្រុមហ៊ុន Rosewood Hotel Group ចាប់តាំងពីឆ្នាំ២០១១ មក ហើយបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុននេះនៅអាយុ៣០ឆ្នាំរហូតមកទល់បច្ចុប្បន្ន៕