ដោយៈឧត្តម
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប្រកាសនូវការចូលកាន់មុខដំណែងអភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុងបូកគោ នឹងប្រកាសជាផ្លួវការនៅដើមខែសីហាខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពត លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ត្រូវធ្វើឱ្យបានលឿនបំផុត យ៉ាងយូរត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។
ដូច្នេះរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលក្រុងបូកគោ ឱ្យសមស្របនឹងទំហំការងារចាំបាច់ ចៀសវាងមន្ត្រីតែម្នាក់ទទួលបន្ទុកច្រើនវិស័យ ដែលនាំឱ្យមានការរាំងស្ទះ ដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជាវ តាយ អភិបាលខេត្តកំពតក៏បានលើកឡើងថា មានបញ្ហាមួយចំនួនពាក់ព័ន្ធ ការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងក្របខណ្ឌរដ្ឋបាលក្រុង ដែលមានអ្នកស្ម័គ្រចិត្តចំនួនតិចតួច និងមានការលំបាកក្នុងផ្ទេរពីក្រសួងសាម៉ី ដែលបញ្ហានេះអាចធ្វើឱ្យការឆ្លើយតបតម្រូវការមន្រ្តី ក្នុងរចនាសម្ព័ន្ធក្របខណ្ឌរដ្ឋបាល ក្រុងបង្កើតថ្មីមានការពិបាក ដែលតម្រូវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ក្នុងរឿងនេះ ។
ក្រោយមានការចេញអនុក្រឹត្យស្ដីពី ការបង្កើតក្រុងបូកគោក្នុងខេត្តកំពត បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នេះ មានសន្ទុះមួយកម្រិតទៀត ទៅតាមទីតាំងនិងសក្ដានុពល។
លោកជិន ណារិន ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានលើកឡើងថា ជាការពិតណាស់ ចាប់តាំងពីការប្រកាស និងការរៀបចំរចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងបូកគោ ក៏បានធ្វើឱ្យតម្លៃដីនៅក្នុងក្រុងថ្មីនេះ កើនឡើងមួយកម្រិតបន្ថែមទៀត។ ជាក់ស្ដែងដីដែលធ្លាប់មានតម្លៃត្រឹមតែ១៥ដុល្លារ ក្នុងមួយការ៉េបានឡើងដល់៣០ ទៅ៥០ដុល្លារអាមមេរិកក្នុងមួយការ៉េ ហើយក៏នៅតែមានអ្នកស្វែងរកទិញដើម្បីអភិវឌ្ឍន៍ដែរ ។
លោកបន្តថា “ក្រោយពេលក្រុងថ្មីនេះ មានរចនាសម្ព័ន្ធច្បាស់លាស់ សង្ឃឹមថានឹងជួយជំរុញការអភិវឌ្ឍបន្ថែមទៀត នៅក្នុងទឹកដីខេត្តកំពត ជាពិសេសនៅក្នុងក្រុងថ្មីនេះតែម្ដង ហើយក៏សង្ឃឹមថានឹងទាក់ទាញការវិនិយោគបន្ថែមទ ក្រោយវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់”៕