ដោយៈឧត្តម
សិង្ហបុរី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី CapitaLand បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនក្នុងអគារផ្សារទំនើប និងការិយាល័យសរុបចំនួន៦នៅប្រទេសចិន ឱ្យទៅក្រុមហ៊ុនធានារ៉ាប់រងចិន Ping An Life Insurance ក្នុងតម្លៃ៤៦,៧ពាន់លានយ័ន (៧,២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមទស្សនាវដ្ដី Forbes ចុះផ្សាយនៅថ្ងៃទី២៨ មិថុនាកន្លងមកនេះ។
ក្រោយការដកទុនចេញនេះ ក្រុមហ៊ុន CapitaLand និយាយថា ខ្លួននឹងនៅតែរក្សាទុកភាគហ៊ុនចន្លោះពី១២,៦% ទៅ៣០% ក្នុងអគារផ្សារទំនើប ដែលមានម៉ាកយីហោ Raffles City នៅក្រុងប៉េកាំង ក្រុងឈឹងទូ (Chengdu) ក្រុងហាងចូវ (Hangzhou) ក្រុងនីងប៉ (Ningpo) និងក្រុងសៀងហៃ។ ក្រុមហ៊ុននេះ ក៏នឹងបន្តផ្ដល់សេវាគ្រប់គ្រងទ្រព្យសកម្មសម្រាប់អគារទាំងនេះផងដែរ និងទទួលបានប្រាក់ចំណូលពីថ្លៃ សេវាគ្រប់គ្រងនេះ។
លោក Puah Tze Shyang នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand China ប្រចាំប្រទេសចិនបានលើកឡើងថា ដំណើរការលក់ភាគហ៊ុន ដែលតាមការរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងត្រីមាសទី៣ ចុងឆ្នាំនេះនឹងធ្វើឱ្យក្រុមហ៊ុន CapitaLand ទទួលបានប្រាក់ចំណេញសុទ្ធ១,៥ពាន់លានដុល្លារអាមេរិក។
លោកបានបន្ថែមថា ប្រាក់ចំណេញដែលទទួលបាន ពីការដកទុននេះនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់ការវិនិយោគ នាថ្ងៃអនាគតលើទ្រព្យសកម្មថ្មីៗ ដូចជា សួនឧស្សាហកម្ម មជ្ឈមណ្ឌលភ័ស្តុភារ និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាដើម។ ទន្ទឹមនេះ ក្រុមហ៊ុន CapitaLand ក៏មានគោលដៅបង្កើនការវិនិយោគរបស់ខ្លួន លើទ្រព្យសកម្មទាំងនេះ ពីតម្លៃជាង១,១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំមុនឱ្យឈានដល់ជាង៣,៧ពាន់លានដុល្លារអាមេរិកផងដែរ។
ក្រុមហ៊ុន CapitaLand បានបង្កើនចំណូល៨,៣៤ពាន់លានដុល្លារអាមេរិក ពីការលក់ទ្រព្យសកម្មនៅឆ្នាំនេះ ពោលគឺច្រើនជាង៣ដង បើធៀបនឹងគោលដៅលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំណត់ត្រឹម២,២៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអចលនទ្រព្យយក្ស ដែលមានក្រុមហ៊ុនវិនិយោគរដ្ឋរបស់សិង្ហបុរីTemasek Holdings ជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួននេះ កាន់កាប់ និងគ្រប់គ្រងអចលទ្រព្យទូទាំងពិភពលោក ក្នុងតម្លៃសរុបប្រមាណ១០២,៥ពាន់លានដុល្លារអាមេរិក៕