តើក្រុមហ៊ុនផលិតកញ្ចក់ធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅប្រទេសណា?

ដោយៈសុខុម

អន្តរជាតិៈ នៅក្នុងជីវិតប្រចាំថ្ងៃ យើងជៀសមិនផុតឡើយពីកញ្ចក់ ដែលមាននៅគ្រប់ទីកន្លែង។ វាស្ថិតនៅក្នុងអគារមិនថាខ្ពស់ទាប ជញ្ជាំង ទ្វារ បង្អួច រថយន្ត ទូសម្អាង កុំព្យូទ័រ ទូរទស្សន៍ កែវ និងគ្រឿងតុបតែងផ្សេងៗទៀត។

នេះមិនទាន់រាប់បញ្ចូលកញ្ចក់ឯកទេស ដែលត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាដូចជា កញ្ចក់ឡែនកាមេរ៉ា និងម៉ាស៊ីនថតចម្លងជាដើមផងទេ។ ទោះបីជាយើងប្រើប្រាស់វាជារៀងរាល់ថ្ងៃក្ដី ក៏យើងភាគច្រើនមិនដឹងថា អ្នកណាជាអ្នកផលិតផលិតផលកញ្ចក់របស់យើង និងមានប្រភពចេញពីទីណាឱ្យប្រាកដឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះ តើអ្នកចង់ដឹងទេថា ក្រុមហ៊ុនផលិតកញ្ចក់ធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វី មានលុយច្រើនកម្រិតណា ស្ថិតនៅប្រទេសណា និងមានប្រវត្តិបែបណា? អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមស្វែងយល់ត្រួសៗទាំងអស់គ្នា។

ក្រុមហ៊ុនផលិតកញ្ចក់មានច្រើនណាស់ក្នុងពិភពលោក ប៉ុន្តែក្រុមហ៊ុនដែលចំណា​ស់បំផុត និងធំជាងគេបំផុតគឺក្រុមហ៊ុន Saint Gobain ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៦៦៥ (៣៥៦ឆ្នាំមុន)។បច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះ មានទីស្នាក់ការកណ្ដាលនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ZIPPIA។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមដំបូងត្រឹម តែជារោងចក្រផលិតកញ្ចក់តូចតាចមួយប៉ុណ្ណោះ ហើយចាប់ផ្ដើមមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្រោយពីបានផ្គត់ផ្គង់កញ្ចក់សម្រាប់គម្រោងសាលកណ្ដាល Hall of Mirrors នៅក្នុងព្រះបរមរាជវាំងបារាំង Palace of Versailles។

បច្ចុប្បន្ន ក្រុមហ៊ុនយក្សមួយនេះមានម៉ាកយីហោជាច្រើន ដែលផលិតកញ្ចក់ជាសម្ភារៈសំណង់ដូចជាបង្អួច និងជញ្ជាំង ព្រមទាំងកញ្ចក់រថយន្តផងដែរ។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង រហូតមកក្លាយជាក្រុមហ៊ុនផលិតកញ្ចក់ ធំបំផុតក្នុងពិភពលោក។

គិតមកទល់នឹងឆ្នាំ២០២១ នេះ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១៨០.០០០នាក់ និងទ្រព្យសកម្មសរុប៥២ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here