អ្នកជំនាញៈឥរិយាបទអ្នកទិញខុនដូចាប់ផ្តើមផ្លាស់ប្តូរដោយវិនិយោគកាន់តែធំ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ទីផ្សារខុនដូកំពុងមានការវិវត្តន៍ថ្មី សម្រាប់អំឡុងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យអ្នកវិនិយោគមានឧត្តមភាពក្នុងការស្វែងរកតម្លៃ និងសេវាកម្មកាន់តែប្រសើរ ខណៈអ្នកអភិវឌ្ឍន៍បាន និងកំពុងបន្តដំណើរទៅមុខយឺតៗ។
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ កក្កដាកន្លងមកថា បច្ចុប្បន្នអ្នកទិញខុនដូបានផ្លាស់ប្តូរគោលដៅវិនិយោគ ដោយពួកគាត់បានទិញក្នុងទំហំធំជាងមុន ខណៈការវិនិយោគបច្ចុប្បន្នផ្តល់ផលចំណេញច្រើន។

លោកបានបន្តថា ក្នុងរយៈពេលពេញមួយឆមាសឆ្នាំ២០២១នេះ ទីផ្សារខុនដូកំពុងផ្តល់ភាពអំ ណោយផលច្រើនដល់អ្នកវិនិយោគ ដោយសារអ្នកអភិវឌ្ឍន៍ បានបញ្ចប់គំរោងរបស់ពូកគេច្រើន ហេតុនេះអ្នកវិនិយោគបន្តមានឱកាសរកផលចំណេញ ដោយសារតម្លៃមានភាពប្រកួតប្រជែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទីផ្សារខុនដូនៅតែមានដំណើរការ ហើយអ្នកវិនិយោគភាគច្រើន បានទិញយកទាំងជាន់តែម្តង ដោយសារតម្លៃលើទីផ្សារល្អ។ អ្នកវិនិយោគបែបនេះ ពួកគេទិញទាំងជាន់សម្រាប់ធ្វើជាសណ្ឋាគារ ឬគំរោងទិញទុកសំរាប់ជួលនាពេលអនាគត”។

លោកខន គង្គាបានបន្តថា គិតរហូតមកទល់ពេលនេះ និងសំរាប់ឆមាសទី២ លោកនៅតែមានសុទិដ្ឋិនិយមថា ការទិញលក់ខុនដូនៅតែមានដំណើរការល្អ ព្រោះអ្នកវិនិយោគ​នាពេលនេះ ដែលមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ គឺជាឱកាសរបស់ពួកគេអាចទទួលបា​នផលចំណេញពីការវិនិយោគច្រើន ព្រោះមានការបញ្ចុះតម្លៃច្រើននីលើទីផ្សារ ដែលមានការប្រកួតប្រជែងកើនឡើង។

លោកបន្តថា ខុនដូនៅកម្ពុជាតម្លៃមធ្យមភាគច្រើន មានតម្លៃចន្លោះ១៥០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែខុនដូមានតម្លៃខ្ពស់បន្តិច មានតម្លៃចន្លោះពី២០០០ ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបញ្ចេញរបាយកា​រណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា  ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​គម្រោង​ខុនដូ​ចំនួន ៥ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប១២៧៣​យូនីត​ បាន​បញ្ចប់​ការសាងសង់​ដែល​ធ្វើឱ្យ​ចំនួន​ខុនដូ​ នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង៩០​គម្រោង និង​មាន​បន្ទប់​ជាង២៧ ០០០ ​យូនីត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here