ដោយៈ សាវុធ
ភ្នំពេញៈ ជាធម្មតាថ្លៃភាគហ៊ុនប្រែប្រួលជារៀងរាល់ថ្ងៃ ហើយការប្រែប្រួលនេះអាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងនៃផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ វាបានសេចក្តីថា ប្រសិនបើមានការផ្គត់ផ្គង់ (ការលក់) ច្រើនជាងតម្រូវការ(ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ។
ផ្ទុយមកវិញ ប្រសិនបើមានអ្នកត្រូវការ(អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់(អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។ ប៉ុន្តែសំណួរសួរថា តើមានកត្តាអ្វីដែលនៅពីក្រោយនេះ ដែលធ្វើឱ្យវិនិយោគិនសម្រេចចិត្តទិញ ឬក៏លក់ភាគហ៊ុន ដែលធ្វើឱ្យតម្រូវការនិងផ្គត់ផ្គង់ប្រែប្រួល និងជាលទ្ធផលធ្វើឱ្យថ្លៃភាគហ៊ុន និងទំហំជួញដូរភាគហ៊ុនប្រែប្រួល?។
តាមរយៈសំណួរខាងលើ យើងឃើញយ៉ាងច្បាស់ថា ចម្លើយគឺស្ថិតនៅលើមនុស្សជាវិនិយោគិន ដែលជាកត្តាអត្តនោម័តិ(subjective)។ បានសេចក្តីថា ថ្លៃភាគហ៊ុនអាចប្រែប្រួលគ្រប់ពេល ទៅតាមការយល់ឃើញ ឬការវិនិច្ឆ័យរបស់វិនិយោគិន។ ជាទូទៅបើទោះជាព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬដែលមាននៅលើទីផ្សារដូចគ្នាតែមួយក៏ដោយ ក៏ការវិភាគរបស់វិនិយោគិន មិនប្រាកដថាដូចគ្នាដែរ។ អ្នកខ្លះចង់លក់ អ្នកខ្លះចង់ទិញ។
អ្នកលក់និងអ្នកទិញមានការយល់ឃើញផ្ទុយគ្នា។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹមនិងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។
ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះ នឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់ក្រុមហ៊ុនចុះបញ្ជី។
ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុ ដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”៕