មជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Rong នៅក្រុងកំពតនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៤២ជាន់ របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រុមវិស្វករប្រចាំក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៣ កក្កដាកន្លងមកថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានបញ្ចប់ការសាងសង់គ្រឹះហើយ និងកំពុងឡើងដល់ជាន់ទី៤ហើយ ដែលក្នុងដំណា​ក់កាលនេះ គឺនឹងធ្វើឲ្យការសាងសង់លឿន ដែលយើងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃរាប់រយលានដុល្លារនេះ នឹងរួមបញ្ចូលជាមួយសណ្ឋាគារ ការិយាល័យ អាផាតម៉ិន មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត”។លោកបន្តថា “វានឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពតមួយកម្រិតទៀត នៅពេលអាគារនេះសាងសង់ចប់”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា ដំណើរការសាងសង់គំរោងនេះ កំពុងឆ្ពោះទៅមុខយ៉ាងរលូន ដោយមិនមានឧបសគ្គអ្វីនោះទេ ហេតុនេះយើងរំពឹងថាអ្វីៗនឹងបញ្ច​ប់តាមការគ្រោងទុក។

អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ក្រៅពីវត្តមានអាគារកប់ពពកថៃ ប៊ុនរ៉ុង ក្រុងកំពតនឹងមានអាគារខ្ពស់ៗជាង១០ជាន់ ២០ជាន់ជាច្រើនទៀត ដែលនឹងលេចរូបរាងនាពេលខាងមុខ ខណៈបច្ចុប្បន្នគំរោងទាំងនោះបាននិងកំពុងសាងសង់ និងខ្លះទៀតកំពុងសុំច្បាប់សាងសង់។

លោកបន្តថា “ទោះបីជាមានវិបត្តិកូវីដ១៩ ប៉ុន្តែគម្រោងវិនិយោគទាំងតូច និងធំនៅក្រុងកំពត ពិសេសទូទាំងខេត្តមិនបានបញ្ឈប់ឬផ្អាកការសាងសង់នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here