កាតវ៉ាក់សាំងកូវីដ១៩ចាប់ផ្ដើមមានតម្លៃ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញតម្រូវឱ្យបង្ហាញពេលចេញចូលទីតាំងអាជីវកម្មនានា

ដោយៈលក្ខិណា

ភ្នំពេញៈ កាតឬប័ណ្ណចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបានអាជ្ញាធររាជធានីភ្នំពេ​ញ ចាប់ផ្ដើមតម្រូវឱ្យប្រើប្រាស់ នៅពេលប្រជាពលរដ្ឋចេញចូលសាលារៀន ទីតាំងអាជីវកម្មនានានៅក្នុងរាជធានីភ្នំពេញ ដោយត្រូវបង្ហាញដល់បុគ្គលិកទីតាំងនោះ ។

ក្នុងនោះដែរ បើសិនម្ចាស់អាជីវកម្មអាជីវកម្មណា មិនអនុវត្តន៍ដោយមិនសួរនាំកាតវ៉ាក់សាំងពីអតិថិជនក៏នឹងត្រូវទទួលពិនិយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ទូទាំងរាជធានី កាលពីរសៀលថ្ងៃទី១១ តុលា២០២១ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យខណ្ឌទាំងអស់ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវទប់ស្កាត់ឱ្យបាននូវការរីករាលដាល នៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញបន្តទៀត ដោយដាក់ចេញនូវគោលការណ៍ថ្មីៗ ដូចជា ពេលចេញ ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញប័ណ្ណវ៉ាក់សាំងកូវីដ១៩ ។

លោកបន្តថា “ការធ្វើបែបនេះ គឺដើម្បីឈានទៅរកការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យនាពេលខាងមុខឆាប់ៗនេះ ហើយបើសិនជាមិនមានការចូលរួមពីប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទេនោះ ការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ វាពិតជាពិបាកណាស់”។

នៅតាមបណ្ដាភោជនីយដ្ឋានមួយចំនួន បុគ្គលិកបម្រើការងារបានចាប់ផ្ដើមពាក់កាតវ៉ាក់សាំងជំនួស ឱ្យកាតក្រុមហ៊ុនឬកាតការងារហើយ ដើម្បីបង្ហាញដល់ភ្ញៀវថាទីតាំងអាជីវកម្មរបស់ពួកគេ ក៏បានគិតគូរដល់សុខុមាលភាពរបស់បុគ្គលិក និងអតិថិជនផងដែរ ។

កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា អនាគតប័ណ្ណចាក់វ៉ាក់សាំង នឹងក្លាយទិដ្ឋាការមួយដ៏សំខាន់ សម្រាប់ចេញចូលទីតាំងអាជីវកម្មនានា ហើយវាក៏អាចនឹងក្លាយជាទិដ្ឋាការឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយផងដែរ។ កម្ពុជាក៏កំពុងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ៉ាក់សាំងគ្រប់ដូស ឱ្យចូលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា ដោយធ្វើចត្តាឡីស័កត្រឹមរយៈពេលខ្លះ ឬមិនចាំបាច់ធ្វើចត្តាឡីស័ក។

ស្របតាមគំនិតផ្ដួចផ្ដើមនេះដែរ ក៏មានការគាំទ្រពីប្រតិបត្តិករវិស័យទេសចរណ៍ជាច្រើន ដើម្បីឱ្យវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់អស់រយៈពេលជិត២ឆ្នាំមកហើយនោះ កម្រើកឡើងវិញជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងផ្ដល់ឱកាសការងារដល់ធនធានមនុស្សក្នុងវិស័យនេះឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here