ដោយៈម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើថា ទោះបីស្ថានភាព នៃផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ នៅអូសបន្លាយក៏ដោយ តម្លៃអចលនទ្រព្យនៅកម្ពុជាហាក់មិនទាន់មានធ្លាក់ចុះនោះឡើយ ខណៈដែលអ្នករកស៊ីទទួលទានប្រកបរបរនេះ នៅតែបន្តទៅតាមយុទ្ធសាស្ត្ររបស់ខ្លួន។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកថា វិស័យអចលនទ្រព្យនៅក្នុងស្ថានភាពបច្ចុប្បន្ន មិនមានការប្រែប្រួលខ្លាំងនោះទេ ហើយអ្នកប្រកបរកស៊ីទទួលទានលើមុខរបរទាំងនោះនៅតែបន្តលើអាជីវកម្មរបស់ខ្លួន។
លោកបានថ្លែងថា “យើងសង្កេតឃើញថា សកម្មភាពអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនានា នៅពេលបច្ចុប្បន្ននៅតែបន្ត។ ចំណែកការអភិវឌ្ឍន៍គម្រោងធំៗវិញ មកដល់បច្ចុប្បន្ន គម្រោងសាងសង់ដូចជា បុរី ខុនដូនានា នៅតែបន្តអាជីវកម្មលើការសាងសង់គម្រោងអភិវឌ្ឍន៍របស់ខ្លួនជាធម្មតា” ។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា ចំពោះការរកស៊ីទទួលទានពុះដីឡូតិ៍ ការទិញលក់វិញ មិនទាន់មានធ្លាក់ចុះនោះឡើយ ពោលគឺនៅឈរទ្រឹង ស្របពេលដែលគម្រោងទិញ-លក់ ពុះដីឡូតិ៍ មានស្ថានភាពស្ងាត់ជាមុន នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ។
អគ្គនាយកក្រុមហ៊ុន UTrust និងជាប្រធានសមាគមអ្នកអភិវឌ្ឍដីឡូតិ៍លោកម៉ន សុខា បានមានប្រសាសន៍ប្រាប់កាលពីថ្មីៗនេះថា កម្ពុជាពិតជារងផលប៉ះពាល់ពីឥទ្ធិពលសកលនេះមែន ក៏ប៉ុន្តែបើក្រឡេកទៅមើលការលក់អចលនទ្រព្យ ជាក់ស្តែងទីផ្សារដីឡូតិ៍ផ្ទាល់ នៅតែបន្តមានចរន្តយ៉ាងសកម្ម ដោយសារតែអតិថិជន សង្កេតឃើញពីឱកាសល្អពីក្នុងវិបត្តិ។
លោកបន្តថា “អតិថិជនដែលមករកទិញអចលនទ្រព្យ ក្នុងអំឡុងពេលនេះភាគច្រើនជាអតិថិជនពិតប្រាកដ មិនមែនជាអតិថិជនសួរចោលនោះទេ” ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ទូទាំងប្រទេស មានចំនួន៣៧៣៩ គម្រោង ដែលមានតម្លៃ៥ ៨៦៨ លានដុល្លារអាមេរិកលើផ្ទៃក្រឡា១២,៩១ លានម៉ែត្រការ៉េ ត្រឹមខែកញ្ញា ឆ្នាំ២០២០ ៕