តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃយ៉ាងគំហុកកាលពីយប់មិញ ខណៈតម្រូវការមាសកើនឡើង ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារ Fed និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២០%ដល់២៤២១,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១០%ដល់២៤៦០,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា ចំនួនប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាលក្នុងអំឡុងពេលគ្មានការងារធ្វើ មានសរុបចំនួន២៣៣.០០០នាក់ កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍ចំនួន២៤០.០០០នាក់។ ការណ៍នេះបានបន្ធូរបន្ថយការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចអាមេរិក។

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,១៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៤%ដល់២៧,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧១%ដល់៩៤៦,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៣៩%ដល់៩២១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here