ឯកអគ្គរាជទូតកម្ពុជា៖ វត្តមានមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅទីក្រុងបាងកក នឹងចូលរួមជំរុញពាណិជ្ជកម្មទ្វេភាគី និងការទូតសេដ្ឋកិច្ច

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា វត្តមានមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ( CBCC) នៅក្នុងទីក្រុងបាងកក នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយអត្ថប្រយោជន៍ពាណិជ្ជករខ្មែរ ជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ និងចូលរួមអនុវត្តការទូតសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ដូច្នោះ នាឱកាសដឹកនាំមន្ត្រីការទូត អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តអាយុធ្យា កាលពីម្សិលមិញ ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពធុរកិច្ច និងវិនិយោគជូនគណ:ប្រតិភូធុរជនថៃ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក បានប្រកាសថា នឹងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា (CBC) ឆាប់ៗនេះដើម្បីបម្រើជាសេវាច្រកចេញចូលតែមួយ ព្រមទាំងជួយសម្រួលសកម្មភាពដែលទាក់ទងនឹងអាជីវកម្ម និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសគឺដើម្បីសម្រេចបានតាមទិសដៅពាណិជ្ជកម្មទ្វេភាគីតម្លៃ ១៥ពាន់លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ដ្រីនៃប្រទេសទាំង២ នៅឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ូក សោភ័ណ បានថ្លែងថា ជាផ្នែកមួយនៃអាណត្តិរបស់ខ្លួនក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញក្រុមវិនិយោគិនថៃកាន់តែច្រើនមកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅប្រទេសថៃ CBC នឹងអភិវឌ្ឍជាទីកន្លែងផ្លាស់ប្តូរមតិ និងការខិតខំលើកកម្ពស់ការសន្ទនាជាមួយសមភាគីកម្ពុជា និងក្រុមវិនិយោគិនថៃ។

លោកបានថ្លែងថា៖ «CBC អាចជាច្រកចេញចូលតែមួយសម្រាប់ទាំងក្រុមវិនិយោគិនថៃ និងកម្ពុជា ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំស្តីពីរៀបចំការវិនិយោគរបស់ពួកគេនៅប្រទេសកម្ពុជា និងថៃ។

យើងបានពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសរបស់យើងជាច្រើនដងហើយ។ នៅពេលនេះ យើងកំពុងធ្វើការងារលម្អិតលើគម្រោងនេះ ខណៈយើងមានបំណងលើកកម្ពស់ការទូត និងសេដ្ឋកិច្ច ដោយអនុវត្តតាមគោលការណ៍ណែនាំពីរដ្ឋាភិបាលយើង។ ម្យ៉ាងទៀតក៏ដើម្បីគាំទ្រដល់គោលនយោបាយថៃបូក ១ ដែលមានន័យថា ក្រុមហ៊ុនបរទេសណាមួយកំពុងវិនិយោគនៅប្រទេសថៃ ពួកគេអាចបង្កើនការផលិតរបស់ពួកគេនៅប្រទេសកម្ពុជា»។

លោកថា បច្ចុប្បន្នមានការកើនឡើងចំនួនវត្តមានក្រុមហ៊ុនកម្ពុជានៅក្នុងប្រទេសថៃ CBC នឹងដើរតួនាទីក្នុងការរួមបញ្ចូលពួកគេជាមួយដៃគូពាណិជ្ជកម្មរបស់ពួកគេ ខណៈស្ថានទូតក៏បានចុះកិច្ចព្រមព្រៀងរួចហើយជាមួយក្រុមហ៊ុនច្បាប់របស់ប្រទេសថៃ ដើម្បីការពារក្រុមវិនិយោគិន ឬពាណិជ្ជករមកពីភាគីទាំង ២៕

LEAVE A REPLY

Please enter your comment!
Please enter your name here