រដ្ឋមន្រ្តីសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំទាក់ទងនឹងរឿងសំខាន់ៗមួយចំនួនរបស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកទី២៤ អាណត្តិទី១ កាលពីព្រឹកថ្ងៃទី២១ ឧសភា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចដូចខាងក្រោម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របៀបវារៈទី១៖ សេចក្តីព្រាង “ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង” របស់និយ័តករធានារ៉ាប់រងកម្ពុជា សេចក្តីព្រាងប្រកាសនេះ កំណត់អំពីលក្ខខណ្ឌនិងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដើម្បីធានាបាននូវប្រសិទ្ធភាព សុចរិតភាព និងភាពស្មោះត្រង់ ក្នុងការអនុវត្តកិច្ចសន្យាធានារ៉ាប់រង រវាងក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ស្របតាមមាត្រា២៤ មាត្រា២៥ និងមាត្រា២៦ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង។

ប្រកាសនេះ មាន៧ជំពូក និង៣៥ប្រការ ដោយមានវិសាលភាពអនុវត្តន៍ ចំពោះកិច្ចសន្យាធានារ៉ាប់រងទូទៅ កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត និងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍ នៅលើសេចក្តីព្រាងប្រកាសនេះ ជាមួយនឹងការណែនាំឱ្យកែសម្រួលបន្ថែម ទៅតាមអនុសាសន៍របស់អង្គប្រជុំ ដែលបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី២៖ សេចក្តីព្រាង “អនុក្រឹត្យស្តីពីការធានារ៉ាប់រងភារៈទទូលខុសត្រូវយានយន្តជាកាតព្វកិច្ច” របស់និយ័តករធានារ៉ាប់រងកម្ពុជា។ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ជាកាតព្វកិច្ចកំណត់ពីវិធាន នីតិវិធី និងនិយាមនៃការអនុវត្តការធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច ការរៀប​ចំមជ្ឈមណ្ឌលបច្ចេកវិទ្យាធានារ៉ាប់រង និងមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង ដើម្បីធានាបាននូវការការពារ និងការផ្តល់សំណងធានារ៉ាប់រងជូនតតិយជនទាំងឡាយណា ដែលទទួលរងការខូចខាតបណ្តាលមកពីសកម្មភាពនៃយានយន្ត ដែលមានការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច។

សេចក្តីព្រាងអនុក្រឹត្យនេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ សម្រាប់ធានាបាននូវប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច។ ជាលទ្ធផល ក្រុមប្រឹក្សាអ.ស.ហ. បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការកែសម្រួលអនុក្រឹត្យនេះទៅជា អនុក្រឹត្យដែលផ្តោតលើក្របខណ្ឌនៃយន្តការ និងវិធានរួមនៃការធានារ៉ាប់រងភារៈ ទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច ព្រមទាំងការកែសម្រួលចំណុចគន្លឹះៗ ដែលអង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងកិច្ចប្រជុំជាថ្មីម្តងទៀតនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here