ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូទើបសាងសង់ថ្មីជាមធ្យមក្នុងខែមេសានៅទូទាំងទីក្រុងតូក្យូ និងខេត្តជុំវិញចំនួន៣ រួមមានខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba បានធ្លាក់ចុះ៨,៧ភាគរយធៀបនឹងឆ្នាំមុនមកត្រឹម៦៩,៩៩លានយ៉េន(ប្រហែល៤៨៥.១៧១ដុល្លារអាមេរិក)ក្នុងមួយយូនីត។
ទិន្នន័យនេះជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលនោះតម្លៃខុនដូជាមធ្យមនៅទូទាំងទីក្រុងតូក្យូ និងបណ្តាខេត្តជុំវិញចំនួន៣ បានធ្លាក់ចុះមកនៅក្រោមទំហំទឹកប្រាក់៧០លានយ៉េនក្នុងមួយយូនីត។
ការធ្លាក់ចុះនេះបានបណ្តាលមកពីការធ្លាក់ចុះនៃការបើកដំណើរការខុនដូលំដាប់ខ្ពស់នៅចំកណ្តាលក្រុងតូក្យូ។ តម្លៃខុនដូជាមធ្យមនៅក្នុងសង្កាត់ទាំង២៣ នៃទីក្រុងតូក្យូ បានធ្លាក់ចុះ៧ភាគរយមកនៅត្រឹម៩០លានយ៉េនក្នុងមួយយូនីតកាលពីខែមេសា។
ជាក់ស្តែង គេមិនបានសង្កេតឃើញមានការចុះបញ្ជីខុនដូថ្មី ដែលមានតម្លៃចាប់ពី៣០០លានយ៉េនក្នុងមួយយូនីតក្នុងខែមេសា ឆ្នាំ២០២៥នោះទេ។នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន។
វិទ្យាស្ថានស្រាវជ្រាវខាងលើបានកត់សម្គាល់ថា ដោយសារខុនដូនៅចំកណ្តាលទីក្រុងតូក្យូមានតម្លៃថ្លៃ អ្នកទិញផ្ទះកាន់តែច្រើនបានពិចារណាងាកទៅទិញខុនដូនៅតំបន់ជាយក្រុងជំនួសវិញ ជាពិសេសអគារខុនដូនៅជិតស្ថានីយ៍រថភ្លើង។
ចំពោះនាពេលអនាគត វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុនបានព្យាករណ៍ថា ការកើនឡើងនៃតម្លៃសំណង់នឹងធ្វើឱ្យតម្លៃខុនដូកើនឡើង ហើយការបើកដំណើរការលក់ខុនដូលំដាប់ខ្ពស់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងរដូវក្តៅ ចាប់ពីដើមខែមិថុនាដល់ពាក់កណ្តាលខែកញ្ញា៕ប្រភព: Xinhua៕