ដោយៈសុខុម
បាងកក: ក្រសួងហិរញ្ញវត្ថុថៃ ប្រហែលជាពិចារណាលើសំណើរបស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលសុំឱ្យអនុម័តកញ្ចប់ថវិកា ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិធ្ងន់ធ្ងររបស់ប្រទេសនេះ។
បច្ចុប្បន្នវិស័យអចលនទទ្រព្យក្នុងប្រទេសថៃ កំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរ ខណៈពេលនេះ ឥណទានទិញផ្ទះមិនទាន់សង មានទំហំទឹកប្រាក់សរុបរហូតដល់ទៅ១៨,៧ពាន់លានដុល្លារអាមេរិក។
កិច្ចខិតខំប្រឹងប្រែងរបស់សមាគមនេះ ដើម្បីធ្វើឱ្យមហាជនមានសុទិដ្ឋិនិយម និងចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសខុនដូ។ នេះបើយោងតាមផ្សារភាគហ៊ុនថៃ Asia Plus Securities (ASP) ។
យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ធ្នូបានឱ្យដឹងថា កាលពីថ្ងៃទី៩ ធ្នូ សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានដាក់លិខិតមួយច្បាប់ទៅក្រសួងហិរញ្ញវត្ថុថៃ ស្នើសុំឱ្យក្រសួងដាក់ចេញវិធានការ៥ចំណុច ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ។
ចំណុចទី១ ស្នើសុំឱ្យកាត់បន្ថយថ្លៃសេវាផ្ទេរកម្មសិទ្ធិ និងថ្លៃសេវាឥណទានទិញផ្ទះ ឱ្យមកនៅកម្រិតទាបបំផុតនៅពេលទិញផ្ទះថ្មី និងផ្ទះចាស់រហូតដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១ ។
ចំណុចទី២ លុបចោលជាបណ្ដោះអាសន្ន នូវវិធានការវាយតម្លៃហានិភ័យឥណទាន។ ចំណុចទី៣ ពន្យារពេលការកាត់បន្ថយពន្ធលើដីធ្លី និងសំណង់៩០% សម្រាប់រយៈពេល២ឆ្នាំទៀត ដែលមានប្រសិទ្ធភាពពីថ្ងៃទី០១ មករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ ។
ចំណុចទី៤ បន្ថែមរយៈពេលទិដ្ឋាការ សម្រាប់អ្នកទិញជាជនបរទេស ដើម្បីលើកគុណតម្លៃរបស់អាផាតមិន ឬខុនដូដែលរួមមាន ការផ្ដល់ទិដ្ឋាការ៥ឆ្នាំ ដល់អ្នកទិញយូនីតដែលមានតម្លៃពី៣ ទៅ៥លានបាត រយៈពេល ១០ឆ្នាំសម្រាប់យូនីត ដែលមានតម្លៃពី៥ ទៅ ១០លានបាត និងការស្នាក់នៅអចិន្ត្រៃយ៍សម្រាប់យូនីត ដែលមានតម្លៃជាង ១០លានបាត។
ចំណុចទី៥ ការដាក់ឲ្យដំណើរការឡើងវិញនូវ “គម្រោងផ្ទះស្អាតជាមួយការបង់រំលស់ជាដំណាក់កាល” (Good House with Down Payment Project) និងការបង្កើនការផ្ដល់ប្រាក់ត្រលប់ (cash back) សម្រាប់អ្នកទិញពី៥០.០០០ បាតក្នុងមនុស្សម្នាក់ទៅ ១០០.០០០ បាតក្នុងមនុស្សម្នាក់សម្រាប់រយៈពេល១ឆ្នាំ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១ ។
សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យកាលពីខែកញ្ញា បានចូលជួបជាមួយនាយករដ្ឋមន្ត្រីថៃ និងទីភ្នាក់ងារពាក់ព័ន្ធនានា ដើម្បីពិភាក្សាគ្នាអំពីការអនុវត្តវិធានការនានា ដូចជាវិធានការវាយតម្លៃហានិភ័យឥណទាន និងការកាត់បន្ថយថ្លៃសេវាផ្ទេរកម្មសិទ្ធិ និងថ្លែសេវាឥណទានជាដើម៕