ដោយ: គង់ លាងហួរ
សេអ៊ូល: ទីផ្សារលំនៅដ្ឋានរស់នៅរួម (Co-living)កំពុងទទួលបានសន្ទុះនៅទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ខណៈផ្នែកនេះត្រូវបានគេរំពឹងថា នឹងក្លាយជានិន្នាការកាន់តែរឹងមាំសម្រាប់ទីផ្សារលំនៅដ្ឋាន។នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។
និន្នាការនេះបានកើតមានឡើង ស្របពេលដែលមានការពង្រីកទីផ្សារលំនៅដ្ឋានជួលនៅទីក្រុងសេអ៊ូល ដែលជំរុញគាំទ្រដោយសារកំណើននៃការប្រកួតប្រជែង និងការកើនឡើងនៃចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិននានា។
លោក Veronica Shim ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន JLL Korea លើកឡើងថា ក្នុងទិដ្ឋភាពនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានរស់នៅរួមគ្នា(Co-living)កាន់តែច្រើនបានលេចវត្តមានឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
បណ្តាក្រុមហ៊ុនបរទេសក៏បាននិងកំពុងឈានជើងចូលទៅកាន់ទីផ្សារលំនៅដ្ឋានរស់នៅរួមនៅរដ្ឋធានីសេអ៊ូលផងដែរ។ជាក់ស្តែង ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនសិង្ហបុរី Cove បានចាប់ដៃគូជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង Honors Asset Management ដើម្បីឈានជើងចូលទីផ្សារក្រោមម៉ាកយីហោ Cove Korea។
ជាមួយគ្នានោះ ក្រុមហ៊ុនអចលនទ្រព្យ Weave Living ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងក៏បានបណ្តាក់ទុនវិនិយោគនៅកូរ៉េខាងត្បូងផងដែរ ដោយបានបើកដំណើរការគម្រោងលំនៅដ្ឋានរស់នៅរួមចំនួន២ នៅទីក្រុងសេអ៊ូលកាលពីឆ្នាំ២០២៤។
ទីផ្សារលំនៅដ្ឋានរួម(Co-living) សំដៅលើគំរូលំនៅដ្ឋានដែលបុគ្គលម្នាក់ៗអាចជួលបន្ទប់គេងឯកជននៅក្នុងផ្ទះ ឬអគារអាផាតមុិនតែមួយ។ ចំណែក ផ្ទះបាយ និងបន្ទប់ទទួលភ្ញៀវត្រូវបានប្រើប្រាស់រួមគ្នាជាមួយអ្នករស់នៅផ្សេងទៀតក្នុងអគារខុនដូ ឬអាផាតមុិនតែមួយ។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន JLL បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តម្លៃជួលប្រចាំខែជាមធ្យមសម្រាប់យូនីតលំនៅដ្ឋានរួមនៅទីក្រុងសេអ៊ូលទំហំក្រោម៤០ម៉ែត្រការ៉េ មានតម្លៃ១,១៣លានវ៉ុន(ប្រមាណ៨២២ដុល្លារអាមេរិក)ក្នុងមួយខែ៕