ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្តាវិនិយោគិននៅតែមានការព្រួយបារម្ភជុំវិញលទ្ធភាពដែលសហរដ្ឋអាមេរិកអាចចូលលូកដៃនៅក្នុងសង្រ្គាមផ្លូវអាកាសរវាងអុីស្រាអែល-អុីរ៉ង់ ដែលមានរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន១,០៥ភាគរយ គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧៤ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៨៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៨៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,០១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣១ភាគរយ៕