ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ លោកហួត ហាក់ បានជួបពិភាក្សាការងារ ជាមួយស្ថានទូតបារាំងលើវឌ្ឍនភាព និងការត្រៀមបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ ដំបូងគេនៅប្រទេសកម្ពុជា។
កិច្ចពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី១៧ មិថុនា ក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋបារាំងប្រចាំនៅកម្ពុជា និងសហការី ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងពិភាក្សាការងារលើវឌ្ឍនភាព និងការត្រៀមលក្ខណៈ សម្រាប់ការបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅប្រទេសកម្ពុជា។
សាលាវិជ្ជាជីវៈទេសចរណ៍ ត្រូវបានគាំទ្រ និងផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សម្រាប់ធ្វើការបណ្តុះបណ្តាលលើ៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្រប តាមលទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
សាលាវិជ្ជាជីវៈ មាន២ទីតាំង គឺនៅរាជធានីភ្នំពេញស្ថិតនៅផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម៉ែត្រការ៉េ មានអគារចំនួន២ ខាងមុខ២ជាន់ និងខាងក្រោយ៤ជាន់ ហើយនៅខេត្តព្រះសីហនុ គឺស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់។
បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារ ស្ទើរតែទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការសាកល្បងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថាបេសកកម្មរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយបារាំង នៅតែបន្តគាំទ្រកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នា ជាពិសេសលើគម្រោងសាលាវិជ្ជាជីវៈ ទេសចរណ៍ដ៏មានសារៈសំខាន់ និងដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបានជូនពរដល់ឯកឧត្តមបានទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមនាពេលអនាគត៕