ដោយៈ ម៉ាល័យ
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាទភាគហ៊ុនិក លើកទី៨ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ពិធីនេះមានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៨ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែ ភាគហ៊ុនិក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបុគ្គលិករបស់កំពង់ផែជាច្រើនរូបទៀត។
មហាសន្និបាតភាគហ៊ុនិកលើកទី៨ នាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីរាយការណ៍ អំពីលទ្ធផលការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២៤ និងទិសដៅការងារអាជីវកម្ម-សេវាកម្ម សម្រាប់ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងបានធ្វើការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX)កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយអនុវត្ត និងបានរៀបចំយ៉ាងទៀងទាត់នូវមហាសន្និបាតភាគហ៊ុនិកបានចំនួន៧លើក រួចមកហើយស្របតាមប្រកាស និងគោលការណ៍ណែនាំស្តីពី អភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈប្រកបដោយជោគជ័យ។
ថ្លែងក្នុងអង្គពិធីនោះ លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងចូលរួមអនុវត្តការងារបានលទ្ធផលការងារ ជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។
លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបានគោលដៅរួម តាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់កំពង់ផែ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់ ដើម្បីធានា ដល់ដំណើរការអភិវឌ្ឍន៍កំពង់ផែកុងតឺន័រទឹកជ្រៅ ស្នូលរបស់កម្ពុជា ដោយស្របតាមទស្សនវិស័យរបស់រដ្ឋាភិបាល និងការផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែប្រសើរ៕