ដោយៈ និស្ស័យ
ប្រទេសចិនៈ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីAIIB (2025 AIIB Annual Meeting) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ចូលរួមកិច្ចប្រជុំនពភាគីកម្ពុជា ដឹកនាំដោយលោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ “ការតភ្ជាប់សម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ដើម្បីភាពចម្រុងចម្រើន – Connecting for Development, Collaborating for Prosperity” ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៥។
កម្មវិធីនេះ មានគោលបំណងបង្ហាញអំពីសកម្មភាព និងយុទ្ធសាស្រ្តវិនិយោគរបស់AIIB ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងនៅលើកម្រិតសាកល។ កម្មវិធីនេះបានក្លាយជាវេទិកាសំខាន់សម្រាប់រដ្ឋជាសមាជិក ដៃគូអភិវឌ្ឍន៍ វិនិយោគិន អ្នកស្រាវជ្រាវ និងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអ្នកជំនាញមកពីគ្រប់វិស័យ សរុបប្រមាណជិត៤០០០នាក់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី៖ ការផ្ដល់ហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះបម្រែបម្រួលអាកាសធាតុ និងការចូលរួមរបស់វិស័យឯកជន ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច។
កិច្ចប្រជុំប្រចាំឆ្នាំ នាឆ្នាំ២០២៥នេះ ក៏ជាព្រឹត្តិការណ៍ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានមានវត្ថុបំណងចំបង ក្នុងការគាំទ្រនិងជំរុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពនៅតំបន់អាស៊ី និងកម្រិតសាកល៕