អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន៤រូប បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ២០២១

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រោម​ហេតុផលសំខាន់ៗមួយចំនួន បានធ្វើឱ្យ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន៤រូប បង្ហាញ​ពី​ភាព​ជឿជាក់ថា និង​ព្យាករ​ថា នៅ​ឆ្នាំ២០២១ខាងមុខនេះ វិស័យ​អចលនវត្ថុ​នៅក្នុង​រាជ​កម្ពុជា នឹង​ទទួលបាន​កំណើន និង​ងើប​ចេញពី​វិបត្តិ​កូ​វីដ១៩ ដែល​ពិភពលោក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា តម្រូវការ​ទីផ្សារ​អចលនវត្ថុ​ក្នុងស្រុក គឺ​នៅតែ​បន្ត​មាន​ដដែល ជាពិសេស​ផ្នែក​លំនៅដ្ឋាន ខុន​ដូ​កម្រិត​មធ្យម​រួម​នឹង​ការប្រើប្រាស់​ដី។

លោក​បាន​បន្តថា “ត្បិត​ថា​ថ្នាំ​បង្ការ​ជំងឺឆ្លង​អាច នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​នៅត្រឹម​ដើមឆ្នាំ២០២១ ប៉ុន្តែ​មិនមែន​មានន័យថា ទីផ្សារ​អចលនទ្រព្យ​នឹងមាន​ភាពល្អប្រសើរ​ស្របពេល​នៃ​ការប្រើ​ថ្នាំ​បង្ការ​នោះទេ” ។ លោក​បន្តថា“វា​ត្រូវការ​ពេលវេលា​ក្នុងការ​ស្រោចស្រង់​ឡើងវិញ លុះត្រាតែ​កំណើន​នៃ​ការព្យាបាល ទទួលបាន​លទ្ធផល​ច្រើន ហើយ​ការចម្លង​ត្រូវបាន​ទប់ស្កាត់បាន​ដោយ​ជោគជ័យ ដែល​វា​ត្រូវការ​ពេល​យូរ។

លោក​បាន​អះអាងថា “តាម​ខ្ញុំ​គិត ត្រូវ​ចំណាយពេល​មិនតិចជាង១ឆ្នាំ ឬ​អាច​លើស​នេះ ទើប​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ គ្រាន់តែ​ថា​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០២១ សកម្មភាព​ដែល​ផ្តើមចេញពី​ក្នុងស្រុក នឹង​ចាប់​កម្រើក​ឡើងវិញ​ជាបណ្តើរៗ ជំនួស​ភាព​អវត្តមាន​របស់​អ្នកវិនិយោគ​ធំ​មកពី​ក្រៅប្រទេស” ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សាកល ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ ​Propertyarea.asia លោក​យិន លាង​គង់ ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍ នៃ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ថ្លែងថា គ្រប់​ស្ថាប័នហិរញ្ញវត្ថុធំៗលើ​ពិភពលោក សុ​ទ្ឋ​តែ​ព្យាករណ៍​ពី​សន្ទុះ​នៃ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២១ ហើយ​រដ្ឋាភិបាល​បាន​ព្យាករណ៍​ផងដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើង៣,៥ភាគរយ ដែលជា​សញ្ញា​វិជ្ជមាន​សំរាប់​វិស័យនេះ។

លោក​បន្តថា “ស្ទើរ​គ្រប់ផ្នែក​នៃ​វិស័យ​អចលនទ្រព្យ នឹងមាន​ការរីកចម្រើន ដោយសារ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើម​វិល​មករក​ភាពប្រក្រតី​វិញ ដែល​នេះ​ជាការ​ប្រមើលមើល​របស់​ធនាគារពិភពលោក” ។ លោក​បន្តថា “ការចាប់ផ្តើម​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន (FTA) កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ច្រើន​ពី​កាលានុវត្តន៍​ភាព​មាស​នេះ ពិសេស​កម្ពុជា​បាននិងកំពុង​ធ្វើ​ពិពិធ​កម្ម ទីផ្សារ​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក” ។

លោក​យិន លាង​គង់​បន្តថា ភាពអំណោយ​ផល​នៃ​សេដ្ឋកិច្ច ការកសាង​បទដ្ឋាន​គតិយុត្តិ​របស់​រដ្ឋាភិបាល ដែល​ទទួល​សម្រួល​និង​លើកទឹកចិត្ត​អ្នកវិនិយោគ ពិសេស​ការពង្រីក​ការសាងសង់ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នឹង​ជួយ​ឲ្យ​វិស័យនេះ មាន​ភាព​រីកចម្រើន​កាន់តែ​លឿន​ថែមទៀត​នាពេល​អនាគត។

ជាមួយគ្នានេះ លោកស្រី​អាន សុ​ធីតា​ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia  បាន​មានប្រសាសន៍ថា រហូតដល់​ឆ្នាំ២០២១ខាងមុខនេះ តម្លៃ​អចលនវត្ថុ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន​តម្លៃ​ដីធ្លី និង​សំណង់​លំនៅដ្ឋាន​នានា​នៅតែ​បន្ត​រក្សាបាន​នូវ​លំនឹង​ដូច​ឆ្នាំ២០២០ដដែល។

លោកស្រី​បានបញ្ជាក់ “ទាំង​តម្លៃ​ដី ទាំង​តម្លៃ​អចលនវត្ថុផ្សេងៗ ដូចជា សំណង់​លំនៅដ្ឋាន ខុន​ដូ​ជាដើម គឺអាច​បន្តបាន​ស្ថានភាព​ដូច​បច្ចុប្បន្ន​ដដែល លើកលែងតែ​ម្ចាស់​អចលវត្ថុ​មួយចំនួន​តូច ដែលមាន​បញ្ហា​ចរន្ត​សាច់ប្រាក់​បន្ទាន់ ពួកគាត់​អាច​នឹង​បង្ខំចិត្ត​ប្រកា​សលក់​ក្នុងតម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​តែប៉ុណ្ណោះ” ។

លោកស្រី​បន្តថា នៅក្នុង​រាជធានី​ភ្នំពេញ បើ​និយាយ​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍ គម្រោងផ្សេងៗគឺ​នៅតែ​បន្ត​មាន ប៉ុន្តែ​ចំពោះ​ផ្ទៃដី​ដែល​ទំនេរ​ហាក់​មិនមាន​ច្រើន​នោះទេ ដែលជា​ហេតុ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ លើកលែងតែ​ក្នុងអំឡុង​ឆ្នាំ២០២០នេះ ដោយសារតែ​បញ្ហា​នៃ​ជំងឺឆ្លង ដែល​កំពុង​រាតត្បាត​ជា​សាកល ទើប​ធ្វើឱ្យ​តម្លៃនៅលើទីផ្សារ​រួម​ស្ថិតនៅក្នុង​សភាព​ទ្រឹង ប៉ុន្តែ​មិន​ធ្លាក់ចុះ​នោះទេ។

ចំណែក​លោក​ខាត់ សុវណ្ណ នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CamTop Property Group បាន​មានប្រសាសន៍ថា អត្រា​ភាគរយ​ច្រើន​នៅ​ឆ្នាំ២០២១ សេដ្ឋកិច្ច​សាកល អាច​នឹង​ចាប់ផ្តើម​ល្អជាបណ្តើរៗឡើងវិញ ហើយ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏​នឹង​វិលត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ផងដែរ ហើយ​ក្នុងនោះ​ក៏​នឹងមាន​កំណើន​ក្រុមហ៊ុនថ្មីៗបន្ថែមទៀត​ចូលមកក្នុង​ទីផ្សារ​រួម ដែល​វា​អាចជា​បញ្ហា​ប្រឈម​ជាមួយនឹង​ក្រុមហ៊ុន​ភ្នាក់ងារ​មួយចំនួន។

លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា “ជាធម្មតា​នៅពេលដែល​វិស័យ​ណាមួយ​រីកចម្រើន វា​នឹង​ជម្រុញឱ្យមាន​ការប្រកួត​ប្រជែង​គ្នា​ជាមិនខាន។ ដោយឡែក​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នៅក្នុង​ឆ្នាំ២០២១ខាងមុខ​ខ្ញុំ​ជឿថា ក៏​នឹងមាន​វត្តមាន​ក្រុមហ៊ុនថ្មីៗចូលមក​បន្ថែមទៀត​ជាមិនខាន ដែល​ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here