ដោយ ម៉ាណែត
ភ្នំពេញ ៖ តំបន់ភាគខាងលិចរាជធានីភ្នំពេញ នៅតែជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងការពុះដីឡូត៏លក់សម្រាប់អ្នកមានប្រាក់ចំណូលទាប និងមធ្យម ហើយត្រូវបង់រំលស់ជាប្រចាំខែ ក្នុងកម្រិតដែលអាចគ្រប់គ្រងចំណូលបាន ។
ជាការកត់សម្គាល់ តំបន់ភាគខាងលិច ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល សកម្មភាពពុះដីឡូត៏ពីសំណាក់វិនិយោគិនក្នុងស្រុកនៅតែមាន តែបានថមថយបន្តិចនៅពេលកម្ពុជាជួបវិបត្តិនឹងកូវីដ១៩ តែឆ្នាំ ២០២១នេះ សកម្មភាពនេះក៏ត្រូវបានរំពឹងថាអាចល្អជាងឆ្នាំ ២០២០ ។
បើតាមលោកជំទាវឧកញ៉ា សុខ ស្រីអូន វិនិយោគិនអចលនទ្រព្យមួយរូប បានឱ្យដឹងថា កត្តាដែលជំរុញឱ្យវិនិយោគិនងាកទៅតំបន់ខាងលិចរាជធានីភ្នំពេញ ដោយសារតែ តំបន់នេះ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ហើយបណ្ដារោងចក្រជាច្រើនក៏គ្រោងនឹងប្តូរទីតាំងពីកណ្ដាលរាជធានី ទៅកាន់តំបន់នោះដែរ ព្រោះវាងាយស្រួលក្នុងការដឹកជញ្ជូនទាំងទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងទៅ តំបន់ច្រកព្រំដែន នៃប្រទេសកម្ពុជាផងដែរ ។
លោកជំទាវឧកញ៉ា បានបន្តថានៅពេលអនាគត តម្រូវការលើលំនៅឋានតម្លៃសមរម្យ សម្រាប់អ្នកចំណូលទាប និងមធ្យមក៏ដូចជាតម្រូវការដីសម្រាប់សង់លំនៅឋានក្នុងតំបន់ភាគខាងលិខនឹងកើនឡើងកាន់តែខ្លាំងដោយសារតែបងប្អូនកម្មករកម្មការិនី ដែលផ្លាស់ពីទីក្រុងទៅកាន់តំបន់នោះ ហើយត្រូវការដីធ្លី សម្រាប់សង់លំនៅឋាន ឬផ្ទះដែលមានតម្លៃសមរម្យផងដែរ ។
លោកជំទាវបន្ថែមថា ការអភិវឌ្ឍដីឡូត៏ និងផ្ទះដែលមានតម្លៃសមរម្យនៅតំបន់ភាគខាងលិច គឺជាអ្វីដែលវិនិយោគិនជាច្រើនកំពុងរៀបចំធ្វើរួមទាំងលោកជំទាវផងដែរ បើទោះបីជាកូវីដ១៩មិនទាន់បានបញ្ចប់ទាំងស្រុងក្ដី ។
អ្នកជំនាញអចលនទ្រព្យលោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន IQI CAMBODIA បានលើកឡើងថា ការពុះដីឡូត៏លក់ជូនពលរដ្ឋដែលមិនមានលទ្ធភាពទិញដីធំៗ គឺមិនត្រឹមតែសម្រួលដល់ពលរដ្ឋដែលជាអតិថិជប៉ុណ្ណោះទេ តែវាក៏បានជួយដល់ចំណូលជាតិតាមរយៈការបង់ពន្ធប្រថាប់ត្រានៅពេលកាត់ប្លង់កម្មសិទ្ធិជូនអតិថិជនផងដែរ ។ ទាំងនេះ គឺជាសកម្មភាពដ៏ល្អមួយសម្រាប់សង្គមជាតិ តែយ៉ាងណាក្ដី ពលរដ្ឋក៏ត្រូវគិតគូរថ្លឹងថ្លែងមុននឹងសម្រេចចិត្តទិញគម្រោងដីឡូត៏ពីក្រុមហ៊ុនណាមួយ៕