ដោយៈសុខុម
ក្រុងរីយ៉ាដ: គម្រោងទីក្រុងថ្ងៃអនាគតធំបំផុតក្នុងលោក NEOM របស់ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយក្រុមហ៊ុននានា ដើម្បីជ្រើសរើសដៃគូដឹកនាំសម្រាប់កិច្ចព្រមព្រៀង Cloud Computing ដំបូងបង្អស់របស់ខ្លួន ដែលនឹងជួយសាងមូលដ្ឋានគ្រឹះ សម្រាប់សេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (high-tech) ។
ទីក្រុងនេះ រួមបញ្ចួលនូវតំបន់ពាណិជ្ជកម្មខ្នាតយក្សរបស់ខ្លួន ដែលមានតម្លៃមហាសាលរហូតដល់ទៅ ៥០០ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយ ដោយដកស្រង់ប្រភពរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃ២៨ មករា។
ការចរចាជាមួយបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក និងក្រៅស្រុកនេះធ្វើឡើង ក្រោយពីបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនប្រេងខ្នាតយក្ស Saudi Aramco បានសហការជាមួយក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះ ដើម្បីនាំយកសេវាកម្ម Cloud Computing មកកាន់ព្រះរាជាណាចក្រមួយនេះ និងក្រុមហ៊ុនទូរគមនាគមន៍ Saudi Telecom Company (STC) បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នាមួយជាមួយ Alibaba Cloud ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alibaba Group។
លោក Joseph Bradley ប្រធានផ្នែកបច្ចេកវិទ្យា និងឌីជីថលនៅគម្រោង NEOM ដែលនឹងមានព្រំប្រទល់ជាប់ប្រទេសចំនួន៣ គឺអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងហ្ស៊កដានី នៅលើផ្ទៃដីទំហំ២៦.៥០០គីឡូម៉ែត្រការ៉េនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងមើលឃើញឱកាសជាច្រើន សម្រាប់ការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ធំ។ យើងកំពុងចរចាដំណាក់កាលចុងក្រោយជាមួយក្រុមហ៊ុនមួយចំនួន” ។
កាលពីឆ្នាំមុន គម្រោង NEOM ដែលទទួលបានជំនួយគាំទ្រ៤០០ ពាន់លានដុល្លារអាមេរិក ពីមូលនិធិ PIF របស់អារ៉ាប៊ីសាអូឌីត បានប្រកាសចុះកិច្ចព្រមព្រៀងជាមួយក្រុម STC ដើម្បីបង្កើតបណ្ដាញ 5G សម្រាប់គម្រោងទីក្រុងរបស់ខ្លួន។ គម្រោង NEOM គឺជាទីក្រុងគ្មានឧស្ម័នកាបូនឱ្យឈ្មោះថា The Line ។
លោក Joseph Bradley អតីតនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក CISCO Systems បានលើកឡើងថា គម្រោងកសាងទីក្រុងដ៏មហិមានេះ នឹងចាប់ផ្ដើមដំណើរការសាងសង់នៅឆ្នាំ២០២១នេះ ហើយដំណាក់កាលទី១ នឹងត្រូវបញ្ចប់ជាស្ថាពរត្រឹមឆ្នាំ២០២៥ ។
គម្រោងដែលត្រូវបានបញ្ចេញ ដោយព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នេះគឺជាគម្រោងសាងសង់ដ៏ធំដំបូងបង្អស់ ដើម្បីធ្វើពិពិធកម្ម(ធ្វើឱ្យសម្បូរបែប) សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក។
គម្រោង NEOM ក៏មានគម្រោងសាងសង់ប្រព័ន្ធដំណើរការទូទាំងក្រុង ដែលផ្អែកលើបញ្ញាសិប្បនិមិត្ត AI នៅក្នុងតំបន់ពាណិជ្ជកម្មរបស់ខ្លួនផងដែរ ដើម្បីធ្វើឱ្យការប្រើប្រាស់ទិន្នន័យកាន់តែល្អប្រសើរឡើងសម្រាប់អ្នករស់នៅទីនោះ។
តើ Cloud Computing ជាអ្វី?
ពាក្យថា Cloud Computing គឺដំដៅទៅលើការរក្សាទុក និងការទាញយកទិន្នន័យ (ផ្ទាល់ខ្លួន ឬអាជីវកម្ម) របស់អ្នកនៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងឡាយរបស់អ្នក។ អ្នកអាចចូលទៅប្រើប្រាស់វាបានគ្រប់ទីកន្លែង ជាមួយការតភ្ជាប់ទិន្នន័យ ឬអ៊ីនធឺណិតដូចវេបសាយមួយអញ្ចឹងដែរ៕