វិធីសាស្ត្រងាយ! វាយតម្លៃ​អចលនទ្រព្យ​របស់​អ្នក​ដោយ​ខ្លួនឯង ដោយ​មិន​ចាំ​ពឹង​អ្នកជំនាញ​វាយតម្លៃ​ខ្លួនឯង

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ចង់ដឹង​ដី ផ្ទះ​របស់​អ្នក ឬ​អចលនទ្រព្យផ្សេងៗទៀត​មានតម្លៃ​ប៉ុន្មាន មិនមែនជា​រឿង​ស្មុ​គ្រ​ស្មាញ​ពេក​នោះទេ លោក អ្នក​គ្រាន់តែ​ប្រើប្រាស់​វិធីសាស្ត្រងាយៗទាំងនេះ អាច​ដឹង​តម្លៃ​អចលនទ្រព្យ​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​មិន​ខាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ សកល លោក​យិន លាង​គង់ ​បាន​បង្ហើប​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​របស់​អ្នកនា​ពេលបច្ចុប្បន្ន និង​អាច​ប្រមើលមើល​ពី​អនាគត​បាន​ផងដែរ។

វិធីសាស្ត្រ​វាយតម្លៃ​លំនៅដ្ឋាន​របស់​អ្នក

តម្លៃ​លំនៅដ្ឋាន​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន ខ្ពស់​ឬ​ទាប​ជាង​ទីផ្សារ នៅពេល​អ្នក​ចង់​លក់? អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ គឺ​សិក្សា​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​របស់​អ្នក ឬ​នៅក្នុង​បុរី ឬ​សំណង់​ផ្ទះល្វែង​ដែល​អ្នករស់នៅ តើ​គេ​បាន​ទិញ និង​លក់​ក្នុងតម្លៃ​ប៉ុន្មាន? ។

នៅពេល​អ្នកដឹង​ពី​តម្លៃ​គេ​ទិញ លក់ នៅក្បែរ​លំនៅដ្ឋាន​របស់​អ្នក​រួចហើយ អ្នកនឹង​អាច​យក​តម្លៃ​មូលដ្ឋាន​នោះ យកមក​ប្រៀបធៀប​នឹង​តម្លៃ​ផ្ទះ​របស់​អ្នក ទំហំ និង​ទីតាំង​ផ្ទះ​របស់​អ្នក​ថា តើ​ខុសគ្នា ឬ​ស្រដៀង​គ្នា ព្រោះ​បើ​មាន​ទំហំ​ផ្ទះ​ដូចគ្នា​ឬ​ស្រដៀង​គ្នា តម្លៃ​ផ្ទះ​របស់​អ្នក អាច​នឹង​មានតម្លៃ​ប្រហាក់ប្រហែល​ផ្ទះ របស់​អ្នកជិតខាង​របស់​អ្នក​នោះឯង។ លើកលែងតែ​លំនៅដ្ឋាន​របស់​អ្នក​ស្ថិតនៅ​ចំណុច​ពិសេស​ណាមួយ។

តម្លៃ​សំណង់​លំនៅដ្ឋាន​របស់​អ្នក

វិធីសាស្ត្រ​មួយទៀត ដែល​គេ​និយម​យកមកប្រើ​ប្រាស់ គឺ​ដើម្បី​ចង់ដឹង​តម្លៃ​លំនៅ  ដ្ឋា​ន​របស់​អ្នក មានតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​លើ​ទីផ្សារ គឺ​គេ​អនុវត្តន៍​តាម​វិធីសាស្ត្រ​មួយ​នេះ ដោយ​គេ​យក​តម្លៃ​ដីធ្លី​ចេញ។ ឧទាហរណ៍​ដី​ផ្ទះ​របស់​អ្នកមាន​ទទឹង៥ គុណ​នឹង២០ម៉ែត្រ វា​ស្មើនឹង១០០ម៉ែត្រការ៉េ ហេតុនេះ​គេ​នឹង​វាយតម្លៃ​ដី​នៅ​តំបន់​នោះ ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុន្មាន ហើយ​យកមក​គុណ​នឹង​ទំហំ​ដី​របស់​អ្នក លោក អ្នក​នឹងរង​ឃើញ​ដី​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​ហើយ។

ចំណែក​សំណង់​ដែល​នៅសល់​លើដី​នោះ គេ​វាយតម្លៃ​តាម​តម្លៃ​សាងសង់​តើ​អស់​មួយ​ការ៉េ​ប៉ុន្មាន បូក​នឹង​ថ្លៃ​ជាង​សាងសង់ ពេលនោះ​លោក អ្នកនឹង​រកឃើញ​តម្លៃពិត​នៃ​ផ្ទះ​របស់​អ្នក​យ៉ាងច្បាស់​លាស់​ហើយ ដោយ​យក​តម្លៃ​ដី បូក​ជាមួយ​តម្លៃ​សំណង់ លោក អ្នកនឹង​ដឹងថា ផ្ទះ​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​ហើយ។

ការវាយតម្លៃ​ដីធ្លី

តម្លៃ​ដីធ្លី​អាចមាន​ការប្រែប្រួល និង​មាន​លក្ខណៈពិសេស​ជាង​លំនៅដ្ឋាន​បន្តិច​ត្រង់​ថា បើ​ដី​របស់​អ្នកមាន​ទំហំ រូបរាង សណ្ឋាន​ដី​ខុសគ្នា លោក អ្នក​មិនអាច​ធៀប​ជាមួយនឹង​តម្លៃ​ដី​របស់​អ្នក និង​ដី​អ្នកជិតខាង​ឡើយ។ លោក អ្នក​ត្រូវ​ចាំ​ថា តម្លៃ​ដី​របស់​អ្នក​ថ្លៃ​ឬ​ថោក វា​អាស្រ័យ​លើ​ទំហំ​ដី ប្លង់​រូបរាង​ដី ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ កត្តា​ប្រជាសាស្ត្រ និង​សក្តានុពល​នៅ​ជុំវិញ​ដី​របស់​អ្នក​បាន​ទិញ ឬ​វិនិយោគ​យក​ផលចំណេញ។

ករណី​ដី​របស់​អ្នកមាន​សណ្ឋាន រូបរាង​ស្រដៀង​គ្នា នឹង​ដី​របស់​អ្នកជិតខាង គឺ​តម្លៃ​ដី​របស់​អ្នក គឺមាន​ភាព​ស្រដៀង​នឹង​ដី​អ្នកជិតខាង​ផងដែរ ប៉ុន្តែ​ការកើនឡើង​ឬ​ថយចុះ​តម្លៃ វា​អាស្រ័យ​លើ​ពេលវេលា កាលៈទេសៈ​ដែល​អ្នកលក់​ចេញ​ផងដែរ។

ប៉ុន្តែ​បើ​លក់​ពេល​ដំណាលគ្នា លោក អ្នក​អាច​សិក្សា​ពី​តម្លៃ​ដី ដែល​គេ​បាន​ទិញ​នៅ​ជិតខាង​អ្នក និង​ដី​ដែល​គេ​ទើបបាន​លក់​ចេញ​នៅក្បែរ​ខាង​អ្នក នោះ​លោក អ្នក​អាច​យក​តម្លៃ​ដី​ដែល​គេ​បាន​ទិញ និង​លក់​នៅ​ជិតខាង​លោក អ្នក​យកមក​ធៀប​គ្នា ដោយ​គុណ​យក​តម្លៃ​មធ្យមភាគ លោក អ្នកនឹង​រកឃើញ​តម្លៃ​ដី​របស់​អ្នក​ពិតប្រាកដ​មិន​ខាន។

ប៉ុន្តែ​លោក អ្នក​ត្រូវ​ចងចាំ​ថា ដី​ដែលមាន​ទំហំ​ធំ តែងតែមាន​តម្លៃ​ទាប​ជាង​ដី​ដែលមាន​ទំហំ​តូច ហើយ​តម្លៃ​អចលនទ្រព្យ​ណាមួយ​ពិតប្រាកដ មិនមែន​ឈរលើ​មាត់​អ្នក​ចង់​លក់​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅលើ​តម្លៃ​ដែល​អ្នកទិញ​ហ៊ាន​ទិញ​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here