ដោយៈ ម៉េតណា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានអះអាងថា ការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ពិតជាបង្កផលប៉ះពាល់រំខានដល់វិស័យអចលនទ្រព្យនៅកម្ពុជា សម្រាប់រយៈពេលខ្លីប៉ុណ្ណោះ ព្រោះប្រតិបត្តិការទិញលក់ និងការស្វែងរកអចលនទ្រព្យភាគច្រើន នៅតែមិនផ្លាស់ប្តូរ ហើយវិនិយោគិនភាគច្រើនមានទំនោរទៅរកការវិនិយោគរយៈពេលវែង។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកថា ការផ្ទុះឡើងនៃការឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ ប្រាកដណាស់ បានធ្វើឱ្យមានការរំខានដល់ទីផ្សារវិនិយោគរយៈពេលខ្លី ប៉ុន្តែប្រតិបត្តិការទិញលក់ និងការស្វែងរកអចលនទ្រព្យភាគច្រើននៅតែមិនផ្លាស់ប្តូរ។
លោកបានថ្លែងថា “វិនិយោគិនអចលនទ្រព្យភាគច្រើន មានទំនោរទៅរកការវិនិយោគរយៈពេលវែង ហើយបើទោះជាពួកគេ មិនអាចមកពិនិត្យមើលអចលនទ្រព្យ ឬជួបគ្នាដោយផ្ទាល់នៅពេលនេះ ក៏ពួកគេមិនផ្លាស់ប្តូរផែនការវិនិយោគរបស់ពួកគេឡើយ” ។
លោក James Hodgeបានឱ្យដឹងទៀតថា ទោះយ៉ាងណាក៏ដោយ ស្ថានភាពនេះអូសបណ្តាយរយៈវែង នោះលទ្ធផលនឹងប៉ះពាល់ដល់អារម្មណ៍វិនិយោគិន ប៉ុន្តែបើស្ថានភាពនេះ នឹងស្ថិតក្រោមការគ្រប់គ្រងបានលឿ ហានិភ័យនឹងមានតិចសម្រាប់ការវិនិយោគរយៈពេលវែង។
លោកបានថ្លែងបន្តថា “យើងបានឃើញស្ថានភាពនេះ កាលពីមុននៅក្នុងប្រទេសកម្ពុជា ទោះបីមិនធ្ងន់ធ្ងរក៏ដោយ ហើយវាគឺជាបញ្ហា ដែលប្រទេសជាច្រើនបានប្រឈមមុខដូចគ្នា ដូច្នេះឥឡូវនេះ មានការយល់ដឹងកាន់តែច្បាស់អំពីថា តើការរំខានអាចមានរយៈពេលយូរ ឬយ៉ាងណា” ។
វិនិយោគិន និងអ្នកអភិវឌ្ឍន៍ គួរតែធ្វើតាមការណែនាំរបស់រដ្ឋាភិបាល យ៉ាងយកចិត្តទុកដាក់ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់។ មាននីតិវិធីដែលបានបង្កើតឡើងយ៉ាងល្អសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ រួមទាំងការត្រួតពិនិត្យសីតុណ្ហភាព ការប្រើប្រាស់ឧបករណ៍លាងដៃ ការសម្លាប់មេរោគប្រចាំ ការពាក់របាំងមុខ និងតាមដានទំនាក់ទំនងខាងក្រៅ។
លោក James Hodge បានលើកឡើងថា “ការធ្វើឱ្យប្រាកដថា នីតិវិធីទាំងនេះត្រូវបានអនុវត្តន៍យ៉ាងដិតដល់ គឺជាវិធីល្អបំផុតដើម្បីធានាថា អចលនទ្រព្យត្រូវបានការពារ ប៉ុន្តែទោះបីជាមាននីតិវិធីទាំងអស់ នៅក្នុងកន្លែងក៏ដោយ វាអាចពិបាកក្នុងការបញ្ឈប់ផលប៉ះពាល់នៃជំងឺកូវីដ១៩” ។
លោកបានថ្លែងបន្តថា ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងអស់បានឃើញ ពីឥទ្ធិពលរបស់ជំងឺកូវីដ១៩ ទៅលើទីផ្សារអចលនទ្រព្យក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយវិធីល្អបំផុត ដើម្បីកាត់បន្ថយហានិភ័យទីផ្សារគឺធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ ទៅជាប្រភេទអចលនទ្រព្យផ្សេងៗគ្នា។
លោកបានឱ្យដឹងទៀតថា ឧទាហរណ៍ អ្នកដែលមានដីកសិកម្ម ឬឃ្លាំងអាចនឹងអាស្រ័យផលប្រសើរជាងឆ្នាំកន្លងមក។ ចំណែកទីផ្សារលំនៅដ្ឋាន ការិយាល័យ ផ្សារលក់រាយ ឬសណ្ឋាគារទទួលរងផលប៉ះពាល់ខ្លាំងជាង៕