លោក​ច្រឹ​ក សុខ​នី​ម៖ អ្នកវិនិយោគ​ក្នុងស្រុក​កាន់តែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា អ្នកវិនិយោគ​ក្នុងស្រុក​មាន​សារៈសំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុងអំឡុង​វ​វិបត្តិ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា វិនិយោគិន​ក្នុងស្រុក​នៅតែ​សំខាន់បំផុត ក្នុងការ​ជំរុញ​កំណើន​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចកម្ពុជា ហើយ​ជាក់ស្ដែង​សម្រាប់​វិស័យ​អចលនទ្រព្យ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើឱ្យ​វិនិយោគិន​ក្រៅ​ស្រុក​មាន​ផល​លំបាក ក្នុងការ​មក​វិនិយោគ​កម្ពុជា ប៉ុន្ដែ​សកម្មភាព​វិនិយោគិន​ក្នុងស្រុក​នៅ​ដំណើរការ។

លោក​បន្តថា “បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត។លោក​បន្ថែមថា “អ្នកវិនិយោគ​ក្នុងស្រុក​នៅតែ​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​មួយ​ភាគ​ធំ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា វិបត្តិ​កូ​វីដ១៩នេះ ក៏​ជាការ​ផ្ដល់ឱកាស​ក្នុងការ​រៀនសូត្រ​អំពី​ភាព​ប្រឈម ក្នុង​វិបត្តិ​បញ្ហា​លើ​ពិភពលោក​ផងដែរ។ បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត។

លោក​បញ្ជាក់ទៀតថា អ្នកវិនិយោគ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ នៅពេល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ និង​ប្រទេស​ដែល​ត្រូវ​ទៅ​វិនិយោគ មាន​វ៉ាក់សាំង​ដូចគ្នា។ បច្ចុប្បន្ន​ទោះបី​កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩រួចរាល់​ក្ដី ប៉ុន្ដែ​ប្រទេស​ដទៃទៀត​មិនទាន់ ទទួលបាន​ពេញលេញ។

លោក​បន្ដថា “បើ​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ដ​អូសបន្លាយ លោក​មើលឃើញថា អចលនវត្ថុ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ថមថយ​ខ្លះ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​សញ្ញា​ថម​ថយ​ណាមួយ​ឡើយ ដោយសារតែ​វិស័យ​ធនាគារ នៅតែ​បន្ដ​ប្រាក់កម្ចី​លើ​វិស័យនេះ ដូច្នេះ​វិស័យ​អចលនទ្រព្យ នៅ​បន្ដ​ភាពរឹងមាំ​ដដែល” ។

ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានលើកឡើង​កាលពីថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​ជា​ជ​ន្ទ​ល់​យ៉ាងរឹងមាំ ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ដាន នៃ​ជំងឺ​កូ​វីដ១៩ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here