វិភាគ៖ តើ​កម្ពុជា​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់ខ្លួនពី​វិបត្តិ​កូ​វីដ-១៩?

ដោយៈ​សុខុម

ភ្នំពេញៈ ការប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដែល​បានអូសបន្លាយ​ពេល​រាប់​ឆ្នាំ និង​ដែល​មិនទាន់​ចប់​នៅឡើយ​គិត​មកទល់ពេលនេះ បាន​ជះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មកលើ​សេដ្ឋកិច្ច នៃ​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈ​រដ្ឋាភិបាល​ប្រទេស​នានា កំពុងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ចពិភពលោក​ស​ម្រា​ប់​ឆ្នាំ២០២០ បាន​ដាំ​ក្បាល​ចុះ៣,៥% ។

ខណៈ​វ៉ាក់សាំង​កូ​វីដ-១ថ្មីៗ ត្រូវបាន​ផលិតឡើង​ដោយ​ជោគជ័យ នៅត្រឹម​ដំណាច់ឆ្នាំ​កន្លងទៅ ការផ្ទុះ​ករណី​ឆ្លងថ្មីៗ បាន​បន្ត​ធ្វើឱ្យ​ផ្នែក​សេដ្ឋកិច្ច ស្ថិតក្នុង​ស្ថាន​ភាពមិន​ប្រាកដប្រជា។

ស្រដៀង​គ្នា​នេះដែរ នៅក្នុង​ប្រទេស​កម្ពុជា ផលប៉ះពាល់​ពី​ការ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩  បានធ្វើឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ទោះបីជា​កម្ពុជា កំពុង​ចាត់វិធានការ​ដើម្បី​ទាញ​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យ​ងើប​ចេញពី​វិបត្តិ​នេះ​យ៉ាងណាក្ដី។

លោក Prayag Chitrakar នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន DHL Express Cambodia បានលើកឡើង​អំពី​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ-១៩ថា “សេដ្ឋកិច្ច​របស់​កម្ពុជា បាន​រង​ផលប៉ះពាល់​ដោយផ្ទាល់ ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​តាម​ការ​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ បាន​ដាំ​ក្បាល​ចុះ២% ក្នុង​ឆ្នាំ២០២០ ។ វិស័យសំខាន់ៗបាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​ទេសចរណ៍ ការផលិត​សម្រាប់​ការនាំចេញ និង​សំណង់​ដែលមាន​ទំហំ​សរុប​ជាង ៧០% នៃ​កំណើន GDP របស់​ប្រទេស​នេះ” ។

ចំនួន​ភ្ញៀវទេសចរ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង ដោយ​ធ្លាក់ចុះ​រហូតដល់៧៤% មក​នៅត្រឹម ១,២ លាន​នាក់​ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ២០២០ បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៤,៨ លាន​នាក់​ដែល​ទទួលបាន​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ។

ការរអាក់រអួល​នូវ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក ដែល​បណ្តាលមកពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក៏បាន​ជះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ មកលើ​ទីផ្សារ​នាំចេញ​របស់​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​ទំនិញសំខាន់ៗឈានមុខ​គេ ដូចជា សម្លៀកបំពាក់ វាយ​ន​ភណ្ឌ ស្បែកជើង និង​គ្រឿង​បង្គុំ​អគ្គិសនី (electrical component) ជាដើម។

ក្នុងពេល​ជាមួយគ្នានេះដែរ ការធ្លាក់ចុះ​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ក៏បាន​ធ្វើឱ្យ​កំណើន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់ខ្លួន​បង្អង់​ល្បឿន​ផងដែរ។

*ការស្ដារ​សេដ្ឋកិច្ច​ឆ្ពោះទៅរក​កំណើន

ប៉ុន្ដែ​សំណួរ​សួរថា តើ​ពេលនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា អាច​ងើប​ឡើងវិញ​រួច​ដែរឬទេ? ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​របស់​ធនាគារពិភពលោក (World Bank) ព្យាករ​ថា ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ប្រហែលជា​យឺតយ៉ាវ​ក្នុង​ឆមាស​ទី១ ដើមឆ្នាំ២០២១នេះ។

ទោះជា​យ៉ាងណា វិស័យនេះ ប្រហែលជា​ងើបឡើង​លឿន ក្នុង​ឆមាស​ទី២ ក្នុង​ឆ្នាំ​ដដែល ខណៈ​វ៉ាក់សាំង​កូ​វីដ-១៩ មាន​កាន់តែ​ទូលំទូលាយ ហើយ​មហាជន​កាន់​តែមាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង​ទាំងនោះ។

ការបើក​ទូលាយ​របស់​កម្ពុជា ចំពោះ​ពាណិជ្ជកម្ម​គឺជា​កត្តា​មួយ​ផ្សេងទៀត ដែល​ទំនងជា​ជួយ​ជំរុញ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​របស់ខ្លួន។

យោងតាម​ស​ន្ទ​ស្សន៍​ផ្សារ ភ្ជាប់​ទំនាក់ទំនង​ជាស​កល​របស់​ក្រុមហ៊ុន DHL សម្រាប់​ឆ្នាំ២០២០ (DHL Global Connectedness Index 2020) ដែល​វាស់វែង​ការរីកចម្រើន​នៃ​ពាណិជ្ជកម្ម មូលធន ព័ត៌មាន និង​រំហូរ​ប្រជាជន​បង្ហាញថា ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ៤៦ ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ច្រើន​បំផុត ទូទាំង​ពិភពលោក ហើយ​នេះ ជា​ចំណាត់​ថ្នាក់ខ្ពស់​គួរសម សម្រាប់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប។

លោក Prayag Chitrakar លើកឡើង​បន្ថែមទៀតថា “ការរក្សាបាន​នូវ​ឱកាស​ពាណិជ្ជកម្ម នៅតែ​បន្ត​មាន​សារៈសំខាន់ ក្នុង​ជំរុញ​ការវិនិយោគ​របស់​បរ​ទេស ក្នុងប្រទេស​នេះ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទំនងជា​នឹង​ផ្ដល់ឱកាស​ទទួលបាន​កំណើនថ្មីៗសម្រាប់​វិស័យសំខាន់ៗរបស់​ប្រទេស​នេះ ដែល​នឹងមាន​សារៈសំខាន់ នៅក្នុង​ការស្ដារ​សេដ្ឋកិច្ច ឱ្យ​វិល​មករក​សភាព​ប្រក្រតី​ឡើងវិញ​នៅ​ឆ្នាំនេះ” ។

ឆ្នាំ២០២១ នេះ​អាចជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយសារ​ការបន្ត​ជួយ​គាំទ្រ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកលើ​ចំណុច​ខាងក្រោម៖

១/ ការបន្ត​ជួយ​គាំទ្រ

ការអន្តរាគមន៍​រប​ស់​រដ្ឋាភិបាល ទំនងជា​កត្តា​ដ៏​សំខាន់​មួយ ដែល​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា វិល​ទៅរក​សភាព​ប្រក្រតី​វិញ។ ចាប់តាំងពី​ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុជា បាន​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច តាមរយៈ​ការដាក់ចេញ​នូវ​វិធាន​ការស្ដារ​សេដ្ឋកិច្ច ឱ្យ​ងើប​ឡើងវិញ នៅពេល​ការឆ្លង​រាតត្បាត​ថមថយ​ទៅវិញ។

ការជួយ​គាំទ្រ​ដោយផ្ទាល់​មិន​ធ្លាប់មាន​នេះ ដែល​ស្មើនឹង ៥% នៃ GDP គិត​មកដល់ពេលនេះ បានរួម​បញ្ចូល​ទាំង​ទំហំ​ទឹកប្រាក់​ចំនួន ១,១៦ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការចាក់​បញ្ចូល​ទុន​ក្នុង​ទីផ្សារ និង​ការធានារ៉ាប់រង​លើ​ប្រាក់កម្ចី ការចំណាយ​លើ​ការ​អភិ​វ ឌ្ឍ ការកាត់បន្ថយ​ពន្ធអាក​រ សម្រាប់​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ជាច្រើន​ទៀត។

រដ្ឋាភិបាល​កម្ពុជា បានប្រកាស​វិធានការ​ជុំ​ថ្មី ដើម្បី​ជំរុញ​សមត្ថភាព​ផលិត​ក្នុងស្រុក​សម្រាប់​ការនាំចេញ និង​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​វិល​ទៅរក​សភាព​ប្រក្រតី​វិញ។ វិធានការ​ទាំងនេះ​រួម​មានការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ដល់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់ ដែល​រួមបញ្ចូល​គ្នា​ស្មើ​ជាង៨០% នៃ​ការនាំចេញ​សរុប និង ១៦% នៃ GDP របស់​កម្ពុជា។

នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ រដ្ឋាភិបាល​ក៏​កំពុង​ពន្យារ​ការលើកលែង​ពន្ធ​ប្រចាំខែ សម្រាប់​សណ្ឋាគារ ផ្ទះសំណាក់ ភ្នាក់ងារទេសចរណ៍ និង​ភោជនីយដ្ឋាន ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​ខេត្ត​មួយចំនួន ក្នុងចំណោម​វិធានការផ្សេងៗទៀតផង​ដែរ។

ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជា នឹង​អនុញ្ញាតឱ្យ​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា បន្ត​រៀបចំ​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​របស់ខ្លួន​ឡើងវិញ រហូតដល់​ពាក់កណ្តាល​ឆ្នាំ២០២១ ។

២/ ឱកាស​ពាណិជ្ជកម្មថ្មីៗ

ចំណុច​មួយ​ផ្សេងទៀត​ដែល​ប្រទេស​កម្ពុជា កំពុង​ពឹងផ្អែក​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់ខ្លួន គឺ​ការ​រឹតបន្តឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាពិសេស​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ចុងក្រោយ ដែល​ខ្លួន​បាន​ចុះហត្ថលេខា ឬ​កំពុងតែ​ច​ចា។

កិច្ចព្រមព្រៀង​ទាំងនេះ រួមមាន ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដំបូង​របស់​កម្ពុជា ដែល​តាម​ការរំពឹងទុក​ថា នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ២០២១ នេះ​ផងដែរ។

ប្រទេស​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែលមាន​ទំហំ២៣,៦% នៃ​ពាណិជ្ជកម្ម​សរុប​របស់​ខ្លួន​នៅក្នុង​ឆ្នាំ២០១៩ ។ កិច្ចព្រមព្រៀង​នេះ គ្របដណ្ដប់​លើ​ផលិតផល​រហូតដល់​ទៅ​ប្រមាណ៣០០មុខ ហើយនឹង​ជួយ​ពង្រឹង​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែមទៀត។

បន្ទាប់មក​នឹងមាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការចរចា។ តាម​ការរំពឹងទុក​ថា កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​ការនាំចេញសំខាន់ៗ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង ទំនិញប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត ជ័រកៅស៊ូ ឱសថ ផលិតផល​កសិកម្ម និង​គ្រឿង​បង្គុំ​ឧបករណ៍​អេឡិចត្រូនិក។

តាម​ការរំពឹងទុក​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់ (RCEP) ដែល​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក នឹង​ជួយ​បង្កើន​ទំនុក​ចិត្តខ្លាំង​ផ្នែក​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អាស៊ី។

យោងតាម​ធនាគារពិភពលោក​ឱ្យដឹងថា គ្រាន់តែ​កិច្ចព្រមព្រៀង RCEP ថ្នាក់​តំបន់​នេះ មួយ​អាច​បង្កើន​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ដល់​ទៅ ២៣% ឯណោះ។

៣/ កំណើន​រំហូរ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)

ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) កំពុងតែ​ផ្ដល់​សញ្ញា​ល្អ​ដែរ​សម្រាប់​ឆ្នាំ២០២១ នេះ។ មួយ​ភាគ​ធំ​បំផុត​នៃ​រំហូរ FDI ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា គឺ​បាន​ពី​ប្រទេស​ចិន ដោយ​ការវិនិយោគ​ភាគច្រើន ទៅលើ​វិស័យសំខាន់ៗ ដូចជា សម្លៀកបំពាក់ សំណង់ (ជាពិសេស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំ) គ្រឿង​បង្គុំ​អគ្គិសនី និង​ឧបករណ៍​អេឡិចត្រូនិក កសិកម្ម រ៉ែ និង​ថាមពល ធ្យូងថ្ម និង​ទេសចរណ៍។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ប្រទេស​ចិន បានកំណត់​ខ្លួនឯង​ឱ្យ​ក្លាយជា​ដៃគូ​សេដ្ឋកិច្ច ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​តំបន់។ លំហូរ FDI ពី​ប្រទេស​ចិន បាន​ឈានដល់៨៦០លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល១១ ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ដោយ​កើនឡើង​រហូតដល់​ទៅ ៧០% ឆ្នាំ​ធៀប​នឹង​ឆ្នាំ។ ដោយសារ​សូចនាករ​រឹងមាំ​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ទទួលបាន​កំណើន​ក្នុង​ឆ្នាំ២០២១ ប្រទេស​កម្ពុជា ក៏​ទំនងជា​នឹង​ទទួលបាន​កំណើន​ផងដែរ។

ប្រភព FDI សំខាន់ៗផ្សេងទៀត​រួមមាន​ពី​ប្រទេស​កូរ៉េ អង់គ្លេស ម៉ាឡេស៊ី ជប៉ុន និង​ក្រុង​ហុងកុង។

ស្រដៀង​គ្នា​នេះដែរ មួយ​ភាគ​ធំ​នៃ​ការវិនិយោគ​ពី​ប្រទេស​ទាំងនេះ គឺ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មក​គឺ​វិស័យ​ទេសចរណ៍ និង​កសិកម្ម។

ការស្រាវជ្រាវថ្មីៗនេះ ធ្វើឡើង​ដោយ​ធនាគារពិភពលោក បាន​រកឃើញ​សញ្ញា​វិជ្ជមាន​ថា លំហូរ FDI កំពុងតែ​វិល​មកវិញ​ជាបណ្ដើរៗ ដែល​ទំនងជា​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​អាច​នឹង​កើតមាន​នៅពេល​ខាងមុខ។

ជា​ឧទាហរណ៍ ក្នុង​វិស័យ​កសិកម្ម គម្រោង​សរុប​ដែល​ត្រូវ​បានអនុម័ត​គិត​ជា FDI ពី​ប្រទេស​នានា​បាន​កើនឡើង​ជិត៣ ខ្ទង់​ដល់១០០ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here