ដោយ សុខុម
សិង្ហបុរីៈ សារព័ត៌មាន CNA បានចុះផ្សាយថា ការលក់លំនៅដ្ឋានឯកជនថ្មីៗក្នុងប្រទេសសិង្ហបុរី បានដាំក្បាលចុះរហូតដល់ទៅប្រមាណ ៦០.៥% ក្នុងខែកុម្ភៈ ដើមឆ្នាំ២០២១ ក្រោយទទួលបានកំណើនខ្ពស់ក្នុងខែមករា នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍នានាបានផ្អាកការបើកលក់អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
យោងតាមទិន្នន័យដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញ (URA) បានបញ្ចេញកាលពីថ្ងៃច័ន្ទ ទី១៥ ខែមីនា បង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍នានាលក់ផ្ទះបានតែ ៦៤៥ យូនីតប៉ុណ្ណោះកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ១.៦៣២ យូនីតដែលលក់បានកាលពីខែមករា ដោយមិនរាប់បញ្ចូលខុនដូ។
ចំនួនផ្ទះដែលក្រុមហ៊ុនអភិវឌ្ឍន៍ប្រកាសបើកលក់កាលពីខែមុន មានតែចំនួន ១៦៧ យូនីតប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនប្រមាណ ២.៦០០ យូនីតដែលក្រុមហ៊ុនប្រកាសលក់ក្នុងខែមករា។
ការលក់នៅខែកុម្ភៈ ក៏បានធ្លាក់ចុះ ៣៣,៩% ផងដែរ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពេលនោះផ្ទះឯកជនថ្មីៗចំនួន ៩៧៦ យូនីតត្រូវបានលក់ចេញ។
លោកស្រី Christine Sun អនុប្រធានផ្នែកស្រាវជ្រាវ និងវិភាគទីផ្សារអចលនទ្រព្យប្រចាំទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា “អ្នកទិញនៅក្នុងទីផ្សារអចលនទ្រព្យហាក់មានការប្រុងប្រយ័ត្នខ្ពស់កាលពីខែមុន នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍ផ្អាកការបើកលក់ ហើយស្របពេលសកម្មភាពលក់បានបង្អង់ល្បឿនអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ។
លោកស្រីបានលើកឡើងទៀតថា “ទាំងអតិថិជន និងក្រុមហ៊ុនអភិវឌ្ឍន៍បានស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងស្ថានភាពមិនប្រាកដប្រជា នៃម៉ាក្រូសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកទិញផ្ទះសុទ្ធតែទទួលបានការណែនាំឱ្យប្រុងប្រយ័ត្នចំពោះភាពជ្រួលជ្របល់ក្នុងទីផ្សារអចលនទ្រព្យ ហើយថា រដ្ឋាភិបាលអាចនឹងអន្តរាគមន៍ ប្រសិនបើទីផ្សារនេះហក់ឡើងលឿនពេក” ៕