ស្ថានភាព​បច្ចុប្បន្ន​ជា​ឱកាសល្អ​សម្រាប់​អ្នក​ខ្ចីលុយ​ធនាគារ​យកទៅ​វិនិយោគអចលនទ្រព្យ?

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ ត្រូវបាន​អ្នកជំនាញ​លើកឡើងថា វា​ជា​ឱកាសល្អ​មួយ​សម្រាប់​អ្នកស្វែងរក​លុយ​បន្ថែម ពី​ធនាគារ​សម្រាប់​ទិញ​អចលនទ្រព្យ ព្រោះ​ធនាគារ​មួយចំនួន បាន​នឹង​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​ដើម្បី​បាន​អតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ថា ក្នុងអំឡុង​ពេលនេះ ការផ្តល់ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ សហគ្រាស​ធន​តូច និង​មធ្យម និង​វិស័យ​ឯកជន​ផ្សេង​ពី​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺជា​រឿង​ល្អ​មួយ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក តាមរយៈ​ការបញ្ចុះ​អត្រា​ការប្រាក់ ឬ​លើកលែង​ការផាកពិន័យ​នៅពេលនេះ។

លោក​បន្តថា “ក្នុងការ​ផ្តល់​កម្ចី​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​នានា​សម្រាប់​ស្រោចស្រង​អាជីវកម្ម និង​ពាណិជ្ជកម្ម​នៅពេលនេះ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវតែ​បង្កើត​គោលនយោបាយ​ពិសេស​ណាមួយ និង​វិធានការថ្មីៗដើម្បី​ទប់ទល់ ព្រមទាំង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង និង​ផ្តល់​ឥណទាន​ពិសេស​ដល់​ពលរដ្ឋ ក៏ដូចជា​សហគ្រាស​ធន​តូច និង​មធ្យម ជាពិសេស​អ្នក​ដែលមាន​បំណង​យក ទៅ​ពង្រីក​ការអភិវឌ្ឍន៍ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ” ។

ឧកញ៉ា​ម៉ាន់ ច័ន្ទ​ឌី អគ្គ​នាយ​ក្រុមហ៊ុន Premium Group បាន​មានប្រសាសន៍ថា នៅក្នុង​វិបត្តិ​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នករកស៊ី ឬ​អ្នកមាន​ធនធាន ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​អ្នកមាន​លុយ​គ្រប់គ្រាន់ គេ​អាច​ទិញ​អចលនទ្រព្យ​បានល្អ និង​ធូ​ថ្លៃ ហើយ​វា​ក៏​ជា​ឱកាសល្អ សម្រាប់​អ្នក​ដែល​មានបំណង​ខ្ចីលុយ​ធនាគារ​បន្ថែម​សម្រាប់ធ្វើ​ការវិនិយោគ​អចលនទ្រព្យ​ផងដែរ។

លោក​ថ្លែងថា “នាពេល​បច្ចុប្បន្ននេះ ខ្ញុំ​មើលឃើញ​ធនាគារ មានការ​ប្រកួតប្រជែង​ខ្លាំង ដោយ​ធនាគារ​ខ្លះ​មាន​អត្រា​ការប្រាក់​ទាប​មែនទែន គឺ​ក្នុង៤.៩ភាគរយ​សម្រាប់​កម្ចី​ទិញ​លំនៅឋាន ដែល​កាលពីមុន​មិនមាន​នោះទេ ហើយក៏​ជា​ឱកាសល្អ​ស​ម្រ​ប់​បងប្អូន​អ្នកវិនិយោគ​ច្រើន​ដែរ” ។

លោក​បញ្ជាក់ទៀតថា នៅក្នុង​វិបត្តិ​នេះ ក៏​ជា​កាស​សម្រាប់​អ្នក​ចង់បាន​លំនៅឋាន​ឬ ដី​ឡូ​តិ៍​ផងដែរ តាម​ការបង់​ជាមួយនឹង​ម្ចាស់​គម្រោង​ផ្ទាល់ ដោយ​មិនមាន​បង់ប្រាក់​មុន ប៉ុន្តែ​សំខាន់​ឱ្យតែ​យើង​មានលទ្ធភាព ក្នុង​ការបង់​ប្រចាំខែ ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ខែ​ត​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា អ្នកឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ព្រមាន​ថា បើ​មាន​ធនធាន​ក្នុង​ដៃ​សម្រាប់​វិនិយោគ សូម​គិត​ឲ្យ​បានច្បាស់លាស់ ចាំ​គូរ ព្រោះ​បើ​គូរ​លុប គូរ​លុប​មិន​ទទួលបាន​ជោគជ័យ​ទេ ពិសេស​ការវិនិយោគ​បែប​ប្រថុយប្រថាន បែប​ហេង ស៊យ មិនគួរ​ធ្វើ​នោះទេ បើសិនជា​អ្នកវិនិយោគ​មិនមាន​ធនធាន​ផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here