ដោយៈ ចំណាន
មណ្ឌលគិរីៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកកៅ កុសល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” នៅខេត្តមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិត ក្នុងខេត្តមណ្ឌលគិរី ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល ខេត្តមណ្ឌលគិរី ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ។
តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ ទន្ទឹមនឹងនេះដែរ ផលិតករកម្ពុជា ត្រូវខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព ស្តង់ដាអនាម័យ ព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕