ដោយៈ និស្ស័យ
ភ្នំពេញៈ កិច្ចសហប្រតិបត្តិដ៏ល្អរវាងកម្ពុជា និងកូរ៉េបានទាក់ទាញភ្ញៀវទេសចរកូរ៉េ បន្តឈរក្នុងទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា បន្ថែមជាមួយព្រឹត្តការណ៍តន្រ្តីទេសចរណ៍ធំៗ ពីសំណាក់ក្រុមតារាចម្រៀងK-Pop ដ៏ល្បី និងកម្រិតពិភពលោកជាច្រើនទៀត។
តបតាមការអញ្ជើញពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៥ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងជូនដំណើរនិវត្តន៍ បន្ទាប់ពីបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា របស់លោក បណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកហង្ស ជួនណារ៉ុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីពាក់ព័ន្ឋ។
ក្នុងអាណត្តិទូតរបស់ឯកឧត្តម PARK Jung-Wook ទំនាក់ទំនងសហប្រតិបត្តិ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន-ទេសចរ មានលក្ខណៈល្អ ដោយភ្ញៀវទេសចរកូរ៉េ នៅតែឈរជាទីផ្សារទេសចរណ៍ដ៏សំខាន់ទាំង១០របស់ប្រទេសកម្ពុជា។
កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរកូរ៉េចំនួនជិត២សែននាក់ ហើយក្នុងអំឡុងដើមឆ្នាំ២០២៥ ថ្មីនេះភ្ញៀវទេសចរកូរ៉េច្រើនជាង៩ម៉ឺននាក់ បានមកធ្វើទេសចរណ៍នៅកម្ពុជារួចទៅហើយ៕