កម្ពុជាឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍បែបសាសនា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា លោកហួត ហាក់បានពិភាក្សាជាមួយមន្រ្តីសង្ឃឥណ្ឌា ដើម្បីជម្រុញកិច្ចសហការផ្សព្វផ្សាយទេសចរណ៍តាមបែបសាសនារវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះធ្វើឡើង ក្នុងពេលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានជួបពិភាក្សាការងារជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងសហការី នៅទីស្នាក់ការក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ភាគីទាំងពីរបាន ឯកភាព លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍បែបជំនឿសាសនារវាងប្រទេសកម្ពុជា-ឥណ្ឌា និងការជំរុញផ្សព្វផ្សាយទេសចរណ៍ប្រភេទនេះ រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែទូលំទូលាយរហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត។

លោកហួត ហាក់បានថ្លែងថា កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់ នូវព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ការថែរ​រក្សា និងអភិរក្សនូវវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍន៍លើទេសចរណ៍បែបជំនឿសាសនាពីប្រទេសឥណ្ឌា។

នាឱកាសជំនួបនេះ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាជម្រាបលោករដ្ឋមន្រ្តី អំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌា ចំនួន២៧រូបមកសិក្សាស្វែងយល់ពីវប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសា​សនាដោយប្រជាជនកម្ពុជា ជាពិសេសគឺទស្សនាទីសក្ការៈបូជាសាសនាដែលល្បីល្បាញនៅខេត្តសៀមរាប។

តាមរយៈការនិមន្តគង់នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀ​មរាប ព្រះតេជគុណបណ្ឌិត សូមកោតសរសើរលើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រជាពិសេសការអភិរក្សបានយ៉ាងល្អនូវវត្តអារាម ​និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរក្នុងការធ្វើដំណើរនៅក្នុងប្រទេស។​

លោកហួត ហាក់ បានមានប្រសាសន៍ទូលជ្រាបព្រះតេជគុណបណ្ឌិតពីការយកចិត្តទុកដាក់ របស់កម្ពុជាលើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋគោរពប្រតិបត្តិរហូតទៅដល់ជាង៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ តាមរយៈទេសចរណ៍ជំនឿ និងសាសនា ដែលផ្តល់ជូនដល់ពុទ្ធសាសនិក ពីគ្រប់ទ្វីបនៃពិភពលោកបានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។

លោកបានពិតទូលបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទទួលដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាពជំនឿសាសនាពេញលេញ ដែលជាកត្តាផ្តល់នូវសុខដុមរមនានៃសាសនាក្នុងប្រទេស ដែលជាកត្តាធានាការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក ឬ សាសនិកដទៃទៀតមកកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here