ដោយៈ ម៉ាណា
កំពតៈ មន្ទីរពាណិជ្ជកម្មខេត្តកំពត បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពត ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកមឿង គង្គា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះ ធ្វើឡើងនៅបរិវេណផ្សារចុងសបា្តហ៍ អតីតស្ថានីយប្រេងឥន្ទនៈតូតាល់ ទីរួមខេត្តកំពត។
ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ ផ្នែកវិស័យពាណិជ្ជកម្ម ឱ្យមានការរីកចម្រើនឈានឡើង និងមានការ ផ្តល់ប្រឹក្សាលើមុខទំនិញនានា ដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញ មន្ទីរពាណិជ្ជកម្មខេត្តកំពត៕