សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ វិលមកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយលើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ

(ព្រះវិហារ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានអំពាវនាវឱ្យពលករខ្មែរ វិលត្រឡប់មកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយសម្របសម្រួល លើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនត្រឡប់មកស្រុក កុំឲ្យគេមើលងាយ នៅស្រុកយើងពេលនេះ ខ្វះកម្លាំងពលកម្មជិត៣០ម៉ឺននាក់ ជាមួយនឹងការត្រៀមទទួលពលករទាំងនោះ ដើម្បីដោះស្រាយការងារធ្វើ និងសម្រួលនូវបញ្ហាដូចជា ការជំពាក់ធនាគារជាដើម»

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សមាគមធនាគារ និងសមាគមហិរញ្ញវត្ថុ បានឆ្លើយតបជាមួយនឹងនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត រួចស្រាប់ទៅហើយ ដើម្បីត្រៀមជួយសម្រួល ឧទាហរណ៍ដូចជា៖ ពន្យាការយកការប្រាក់ ឬក៏ពន្យាការសងជាដើម ទៅតាមករណីនីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុនកម្ពុជា ខ្វះការងារធ្វើមែន ប៉ុន្ដែឥលូវការងារ នៅក្នុងស្រុកច្រើនណាស់ ច្រើនរហូតខ្វះកម្មករទៅហើយ គ្រាន់តែរោងចក្រកាត់ដេរ ខ្វះកម្មករមិនតិចនាក់នោះទេ ហើយប្រជាពលរដ្ឋ ទៅប្រទេសថៃខ្លះធ្វើចំការ ខណៈចំការនៅកម្ពុជា មានច្រើនណាស់ដែលខ្វះកម្មករ។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា បើអ្នកខ្លាំង អ្នកដេញកម្មករខ្មែរ ឲ្យត្រឡប់មកកម្ពុជាវិញមក បើសិនជាអ្នកខ្លាំង ព្រោះថា ពេលដេញកម្មករខ្មែរមក គឺក្រឡាក់ចាក់សេដ្ឋកិច្ច របស់អ្នកឯងនោះទេ គឺរោងចក្រ និងកសិដ្ឋានមួយចំនួន នឹងត្រូវបិទ បើអ្នកឯងខ្លាំងសាក-លមើលទៅ។

សូមជម្រាបផងដែរថា តបតាមការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម លើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធិភាព សម្រាលបន្ទុកហិរញ្ញវត្ថុ ដល់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃ ក្នុងភាពជាអ្នកដឹកនាំគំរូ របស់សម្តេចដែលតែងតែ យកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្ដៅ និងគិតគូរអំពីជីវភាពរស់នៅ របស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here