ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងពីការរួមចំណែកជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការដាក់ដំណើរប្រព័ន្ឋទូទាត់ឆ្លងដែន និងកិច្ចការជាច្រើនទៀត។
លោកជំទាវបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបពិភាក្សាការងារជាមួយ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និងបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក ព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបដែលមានការចូលរួម ពីតំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធនេះ លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីការចូលរួមគាំទ្រ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។
លើសពីនេះ លោកជំទាវក៏បានលើកឡើង ពីសារៈសំខាន់នៃការប្រមូល និងចងក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួមសហការនិងគាំទ្រ ក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍ នាពេលកន្លងមកក្រោមដំបូលសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។
ទន្ទឹមនេះ លោកហួត ហាក់ក៏បានលើកសរសើរពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផល ហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួលដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា៕