ដោយៈ គង់ សិរី ម៉ាលីនណា
ភ្នំពេញៈ ទិន្នន័យនៃការហោះហើរតាមផ្លូវអាកាស មានសញ្ញាវិជ្ជមានសម្រាប់កម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្ថាប័នខាងលើលោក ចាន់សិរីវុត្ថាបានឲ្យដឹងនៅដើមសប្តាហ៍នេះថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ -សៀមរាប អង្គរ -និងព្រះសីហនុ) មានភាពល្អប្រសើរ ដោយមានជើងហោះហើរចេញ-ចូល(ទ្វេរទិស) មានចំនួន២៧,៦៧០ជើង កើនឡើងជាង១៤ភាគរយ បើធៀបនឹងរយៈពេល៥ខែដើមឆ្នាំ២០២៤។
ចំណែកអ្នកដំណើរ(តាមផ្លូវអាកាស) ចេញ-ចូល (ទ្វេទិស) មានចំនួន៣,០៤២,៥៤៨នាក់ កើនជាង១៨ភាគរយ និងទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន២៩,០១៩តោន កើនឡើង ៥ភាគរយ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល៥ខែ ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាតិ២,៩៥លាននាក់ កើនឡើង ១១,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ក្នុងចំនួនខាងលើ គឺភ្ញៀវជនជាតិជប៉ុន មានចំនួន៤៨,៩៤៩នាក់ កើនឡើង៥,៥ភាគរយ៕