សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃព្រលានយន្តហោះតារាសាគរបានបញ្ចប់ និងត្រៀមដាក់ឱ្យដំណើរការនៅបំណាច់ឆ្នាំនេះ

ដោយៈ ម៉ាណេត

កោះកុងៈ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង ត្រូវបានបញ្ចប់ ហើយត្រៀមដាក់ឱ្យដំណើរការនៅបំណាច់ឆ្នាំនេះ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកកាលពីថ្មីៗនេះថា ក្រុមហ៊ុនកំពុងដុតដៃដុតជើងក្នុងការបំពេញបែបបទ ដើម្បីទទួលបានវិញ្ញាប័នបត្រប្រតិបត្តិការអាកាសដ្ឋាន ដែលហៅ Airport Certification ប៉ុន្តែដោយសារផលប៉ះពាល់ពីការរីករាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យមានការយឺតយ៉ាវខ្លះដល់ការអនុវត្តរបស់អាកាសយាន្តដ្ឋាននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា “អាកាសយាន្តដ្ឋាននេះ គ្រោងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែដោយសារមានផលប៉ះពាល់ពីកូវីដ១៩ ដោយមិនអាចប៉ានស្មានបាននោះ គឺក្រុមហ៊ុនមានគម្រោងថា នឹងបញ្ចប់ការងារអ្វីៗទាំងអស់ ហើយប្រសិនបើស្ថានភាពប្រសើរឡើង នៅក្នុងបំណាច់ឆ្នាំមួយនេះ គឺយើងអាចដាក់ដំណើរការអាកាសយាន្តដ្ឋានមួយនេះបាន។

លោកបានថ្លែងបន្តថា ព្រលានយន្តហោះដារាសាគរ គឺត្រូវបានសាងសង់ក្នុងកម្រិត4E ដែលអាចទទួលយន្តធនតូច និងមធ្យម ដូចជា Airbus ៣២០ និងយន្តហោះធម្យម Airbus 350 និងBoeing 777 ដែលហោះពីចម្ងាយឆ្ងាយបាន។

លោកបានឱ្យដឹងថា “ផ្លូវរត់របស់ព្រលានយន្តហោះមានប្រវែង៣.២០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ។ ចំពោះការសាងសង់ដំណាក់កាលពី១នេះ ត្រូវចំណាយថវិកាប្រហែល២០០លានដុល្លារ ហើយរហូតដល់ពេល សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ និងសំខាន់ៗត្រូវបានបញ្ចប់អស់ហើយ ហើយនៅសល់នៅតែសំណង់បន្ទាប់បន្សំ”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនមានប្រសាសន៍ថា ព្រលានយន្តហោះនេះ នៅពេលបើកដំណើរការនឹងលើកកំពស់សក្តានុពលខេត្តកោះកុងខ្លាំង ពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបន្តថា “ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មេះជាតិយ៉ាងខ្លាំង ដែលបច្ចុប្បន្នយើងមិនទាន់ទាញយកផលប្រយោជន៍ ពីសក្តានុពលរបស់ខេត្តនេះបានច្រើននៅឡើយទេ”។

ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង ត្រូវបានវិនិយោគ ដោយក្រុមហ៊ុន Union Development Group Co,td ក្រោមទុនជាង ២០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here