ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងបរិស្ថាន បានចេញប្រកាសថ្មី តម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍សំណង់ និងគំរោងអភិវឌ្ឈន៍ចំនួន៤ទៀត ត្រូវអនុវត្តតាមការណែនាំស្ដីពី របៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
យោងតាមសេចក្តីប្រកាសចំនួន៥ផ្សេងៗគ្នា ចុះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍ដែលតម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរួមមាន ទី១ គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី១៥.០០០ម៉ែត្រការ៉េ ដល់៤៥.០០០ម៉ែត្រការ៉េ។ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន។
ទី២ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី១០ហិកតា ដល់៥០ហិកតា ទី៣ គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០ លីត្រ ទៅ ៩០ ០០០ លីត្រ ទី៤ គម្រោងរោងចក្រធុនស្រាល និងមធ្យម និងទី៥ កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី ៥០០ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី១០.០០០ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី ១០ហិកតាឡើងទៅ ឬដំាសារាយចាប់ពី ២០ហិកតាឡើងទៅ។
សេចក្តីប្រកាសថ្មីនេះ ក៏មានមានការណែនាំ និងនីតិវិធីសរុបជាង៤០ទំព័រដែលម្ចាស់គម្រោងនីមួយយៗខាងលើត្រូវគោរពតាម ក្នុងពេលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។
លើសពីនេះ ក្នុងករណីទំហំនៃការប៉ះពាល់ធំៗ ម្ចាស់គម្រោងត្រូវពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងមានកិច្ចប្រជុំអន្តរក្រសួងផងដែរ។
យ៉ាងណាមិញ ម្ចាស់គម្រោងត្រូវធ្វើការវាយតម្លៃដោយខ្លួនឯង ឬអនុញ្ញាតជួលទីប្រឹក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងក៏បានផងដែរ៕