ផ្លូវ២០០៤ក្លាយជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យចម្រុះខណៈអាជ្ញាធរពន្លឿនការជួសជុល ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ

ផ្លូវ ២០០៤

ដោយៈ ប៊ី

ភ្នំពេញៈ ផ្លូវ២០០៤ បានក្លាយជាតំបន់អភិវឌ្ឍន៍ អចលនទ្រព្យចម្រុះ និងតំបន់អភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមឡើងទៅ ខណៈអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការជួសជុលផ្លូវ និងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវ សម្ដេចចៅហ្វាវាំងគង់សំអុល ហៅផ្លូវ២០០៤ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុងឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជំនាញបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូ ចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល (ផ្លូវ២០០៤)កែងផ្លូវ៣៧១ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ។

ជាមួយគ្នានេះដេឬ អ្នកជំនាញបានលើកឡើងថា ផ្លូវ២០០៤ ដែលភាគច្រើនគេថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ បានចាប់ផ្តើមអភិវឌ្ឍន៍ទៅតាមផ្លូវសំខាន់មួយនេះ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់ថា ផ្លូវ២០០៤ ដែលភាគច្រើនគេហៅថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈតំបន់នេះចាប់ផ្តើមមានការអភិវឌ្ឍបែបចម្រុះ រាប់ចាប់តាំងពីលំនៅដ្ឋាន រហូតដល់អាគារពាណិជ្ជកម្ម និងខុនដូជាដើម។

លោកបានបន្តថា តំបន់នេះភាគច្រើន សម្បូរដោយការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ប្រជានមានកម្រិតមធ្យមឡើងទៅ ដោយសារតែជាក់ស្តែងតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវ នេះមានតម្លៃខ្ពស់គួរសម ហើយទម្រង់នៃការអភិវឌ្ឍន៍ក្នុងតំបន់នេះផ្តោតលើការអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមឡើងទៅ។

លោកបានឱ្យដឹងទៀតថា ដីនៅតាមបណ្តោយផ្លូវ២០០៤នេះ មានទំហំធំៗសម្រា​ប់ការអភិវឌ្ឍ ហើយសម្រាប់អ្នកអភិវឌ្ឍន៍ គឺគាត់ចង់បានធំៗសម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគាត់ រយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធចាប់ផ្តើមមានប្រសើរឡើងជាបណ្តើរៗ ដែលជាផ្នែកមួយ ក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិន ចូលទៅវិនិយោគនៅតំបន់នេះ ខណៈផ្លូវនេះមានការភ្ជាប់ទៅផ្លូវជាសំខាន់ៗជាច្រើន ដូចជាផ្លូវ២៧១ និងផ្លូវតភ្ជាប់ទៅព្រលានអន្តរជាតិភ្នំពេញជាដើម។

យោងតាមលោកប៉ូ អ៊ាវគង់បានឱ្យដឹងថា បច្ចុប្បន្នតម្លៃដីនៅក្នុងឡូតិ៍ធំៗ តាមបណ្តោយផ្លូវ២០០៤ មានតម្លៃចន្លោះពី១០០០ ទៅដល់១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីខ្នាតតូចៗ មានតម្លៃចាប់ពី២០០០ ទៅដល់ជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកលំនៅដ្ឋាន (ផ្ទះល្វែង) វិញ មានតម្លៃចាប់ពី២៥ម៉ឺន ដល់៤០ម៉ឺនដុល្លារ។

តម្លៃដីនៅតាមដងផ្លូវ២០០៤ មានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ នេះបើយោងតាមរបាយការចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ដូច្នេះ ទីតាំងឧស្សាហកម្មនៅតំបន់ ត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ ខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ ត្រូវបានមើលឃើញថាបង្វែទិសទៅតាមផ្លូវសំខាន់មួយនេះវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here