លោកឧកញ៉ាកាង សុធីៈដីធ្លីនៅតំបន់មួយចំនួននៃកម្ពុជាកើនឡើងចន្លោះពី៣០ ទៅ៤០ភាគរយក្នុងមួយឆ្នាំ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ជាអ្នកជំនាញផ្នែកទិញលក់ និងវិនិយោគលើដីធ្លី លោកឧកញ៉ាកាង សុធីបានមានប្រសាសន៍ថា ដីធ្លីនៅតំបន់មួយចំនួនក្នុងព្រះរាជាណាចចក្រកម្ពុជា មានតម្លៃកើនឡើងខ្ពស់រហូតដល់៣០ទៅ៤០ភាគរយក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកក្រុមហ៊ុនCentury21 Land Stationរូបនេះបានមានប្រសាសន៍ក្នុងវេទិកាពិភាក្សាពីវិស័យអចលនទ្រព្យ កាលពីថ្ងៃម្សិលម៉ិញនេះថា លោកជឿថាដីធ្លីនៅតំបន់ខ្លះក្នុងមួយឆ្នាំអាចនឹងឡើង៣០ ទៅ៤០ភាគរយ ហើយ១០ឆ្នាំក្រោយនឹងដល់៤០០ភាគរយ ដូច្នេះអ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការេ វាអាចឡើងដល់១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេល១០ឆ្នាំខាងមុខ។

តើដីធ្លីនៅតំបន់ណាខ្លះ នៃតំបន់ជាយរាជធានីភ្នំពេញ ដែលគួរតែវិនិយោគ លោកឧកញ៉ាកាង សុធីបានចង្អុលបង្ហាញថា ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថាដីអត់លិចទឹក ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរ ក៏មានមនុស្សរស់នៅច្រើនផងដែរ ។ លោកបន្តថា ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយសារមានគម្រោងព្រលានយន្តហោះនៅខាងហ្នឹង ដូច្នេះបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍន៍យូរនឹងទទួលបានប្រាក់ចំណេញខ្ពស់ ។

លោកឧកញ៉ាកាង សុធីបានបន្ថែមថា ចំណែកស្រុកមួយទៀតដែលជាប់នឹងរាជធានីភ្នំពេញដែរនោះ គឺស្រុកមុខកំពូល ដែលជាស្រុកជិតរាជធានីភ្នំពេញជាងគេ ហើយមានគម្រោងអភិវឌ្ឍន៍ដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានមរតកសម្តេចតេជោ និងមានផ្លូវជាតិលេខ៦រត់កាត់ ដែលជាធ្វើឱ្យតំបន់នៃស្រុកមុខកំពូលកាន់ តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ ។

លោកបន្តថា “បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន”។

លោកបន្តថា បើចង់វិនិយោគដីធ្លីឱ្យទទួលបានឱកាសចំណេញច្រើន គួរងាកទៅរកតំបន់ជាយៗក្រុង ពីព្រោះតំបន់ទាំងនោះ តម្លៃដីនៅមានកម្រិតទាបនៅឡើយ តែបើយើងក្រលេកមកមើលតម្លៃដី នៅកណ្ដាលក្រុ ងឬនៅជិតក្រុងវិញ វាបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ។ ដូច្នេះឱកាសនោះការឡើងថ្លៃទៀត វាស្ទើរតែមិនមានឬមានតិចតួចប៉ុណ្ណោះ។

យោងតាមផែនការគោលបស់រាជរដ្ឋាភិបាល គ្រោងនឹងពង្រីករាជធានីភ្នំពេញឱ្យកើនឡើងក្នុងកាំរង្វង់រហូតដល់១០០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្តដែលជាប់នឹងរាជធានីភ្នំពេញ ក្នុងនោះស្រុកទាំងបីរួមមានស្រុកមុខកំពូល កណ្ដាលស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here