កម្ពុជាបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើពិធីសារអាស៊ានក្នុងការដោះស្រាយវិវាទ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្រ បានដឹកនាំក្រុមការងា​រក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ មុននឹងបញ្ជូនទៅអង្គនីតិបញ្ញត្តិពិនិត្យ និងផ្តល់សច្ចាប័ន។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោកតឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទម្រង់អនឡាញ ហើយមានការចូលរួមពីក្រុមការងរជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងគណៈកម្មការភាសាវិទ្យាខ្មែរជាដើម។

ពិធីសារអាស៊ានស្តីពីយន្តការដោះស្រាយវិវាទ ដែលត្រូវបានអនុម័តដំបូងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅទីក្រុងម៉ានីល និងត្រូវបានជំនួសដោយពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែលទទួលបានការអនុម័តនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៤ នាទីក្រុងវៀងច័ន្ទ។ ដោយហេតុថាសមាជិកអាស៊ានយល់ថា ពិធីសារឆ្នាំ២០០៤ នេះ នៅពុំទាន់មានលក្ខណៈគ្របដណ្តប់ គ្រប់ជ្រុងជ្រោយសម្រាប់យកមកអនុវត្ត ទើបកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងម៉ានីល បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានសម្រេចអនុម័តពិធីសារថ្មី សម្រាប់ជំនួសឲ្យពិធីសារ ឆ្នាំ២០០៤វិញ។ ពិធីសារថ្មីនេះ មានសរុបចំនួន២៧ មាត្រា ធៀបនឹងពិធីសារចាស់ដែលមានតែ២១មាត្រា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ​ សុភ័ក្របានមានប្រសាសន៍ឲ្យដឹងថា ពិធីសារថ្មីនេះនឹងផ្តល់អត្ថប្រយោ​ជន៍ដល់កម្ពុជា តាមរយៈការប្រើប្រាស់នីតិវិធីពិសេស ក្នុងនាមជារដ្ឋសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលនីតិវិធីពិសេសនេះ ពុំមានចែងក្នុងយន្តការដោះស្រាយវិវាទក្រោមក្របខណ្ឌអង្គការ WTO នោះទេ។

ជាលទ្ធផល អង្គប្រជុំបានបញ្ចប់ការពិនិត្យ និងពិភាក្សាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ត្រឹមមាត្រា៨ ដោយឯកភាពកែសម្រួលពាក្យពេជន៍មួយចំនួន និងកំណត់កាលបរិច្ឆេទបន្ទាប់សម្រាប់ពិនិត្យ និងពិភាក្សាបន្ត នាពេលខាងមុខបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here