ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ផ្ដោតលើការក្ដោបក្ដាប់ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក ក្រោយប្រធានហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានដោះលែង

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃសុក្រ ទី២៤ កញ្ញា ខ្លួននឹងផ្ដោតយកចិត្តទុកដាក់ខ្ពស់ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការបោះទុនវិនិយោគផង ខណៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Huawei Cloud ពេលនេះក្លាយជាអ្នកផ្ដល់សេវា Cloud computing ដែលមានសន្ទុះរីកចម្រើនលឿនបំផុត នៅក្នុងតំបន់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ការប្រកាសដ៏គួរឱ្យចាប់អារម្មណ៍នេះធ្វើឡើង ស្របពេលលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុតិនៃក្រុមហ៊ុនយក្សមួយនេះ ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ម្សិលមិញ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះអស់រយៈពេល៣ឆ្នាំ នៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីព្យួរការចោទប្រកាន់លោកស្រីពីបទឆបោក ដែលបានធ្វើឱ្យទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងប៉េកាំង ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងអូតាវ៉ា (កាណាដា) ល្អក់កករខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសន្និសីទសារព័ត៌មាន “Huawei Connect 2021” ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ម្សិលមិញ លោក Eric Xu ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានផ្ដោតសំខាន់លើ៥ចំណុច រួមមាន ការតភ្ជាប់បណ្ដាញគ្រប់ទីកន្លែង បច្ចេកវិទ្យា AI បទពិសោធន៍ផ្ទាល់ខ្លួនជាមួយឌីជីថល សារៈសំខាន់នៃ Platform ឌីជីថល និងសារៈសំខាន់នៃបច្ចេកវិទ្យា ដែលដើរនាទីជួយដល់ឧស្សាហកម្មផ្សេងៗទៀត នៅក្នុងការកាតបន្ថយការបំភាយឧស្ម័នកាបូន។

ប្រធានវ័យ ៥៤ឆ្នាំរូបនេះបានបញ្ជាក់ថា ក្រុមហ៊ុន Huawei មានគម្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារអាមេរិក តាមរយៈកម្មវិធី “Huawei Spark Program” ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

កម្មវិធីនេះ មានគោលបំណងជួយដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំង SMEs នៅប្រទេសថៃផងដែរ ហើយប្រើប្រាស់ Cloud Computing និងប្រព័ន្ធអេកូស៊ី (Ecosystem) របស់ Huawei ដើម្បីសាងសង់និងពន្លឿនកំណើនរបស់បណ្ដាក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ប្រកបដោយនិរន្តរភាព។

លោក Eric Xu បានថ្លែងទៀតថា “យើងនឹងជួយឱ្យ SMEs នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចេះប្រើប្រាស់ Cloud Computing របស់ Huawei និងនាំមកនូវភាពរុងរឿង តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី Cloud Computing របស់ Huawei។ យើងសង្ឃឹមថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Huawei Cloud នឹងក្លាយជាអ្នកផ្ដល់សេវាកម្ម Cloud Computing ដែលជាជម្រើសដ៏ល្អសម្រាប់បណ្ដារដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់”។

លោក Abel Deng នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies Thailand បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសថៃ គឺជាទីផ្សារជំរុញកំណើនដ៏សំខាន់មួយរបស់ក្រុមហ៊ុន Huawei នៅក្នុងតំបន់។

ក្រុមហ៊ុននេះ ក៏ចង់ជួយគាំទ្រដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ នៅប្រទេសថៃ ការបណ្ដុះទេពកោសល្យផ្នែកឌីជីថល និងជួយ SMEs ព្រមទាំង Startups កសាងប្រព័ន្ធអេកូស៊ីនៅក្នុងប្រទេសនេះផងដែរ។

ទោះបីជាជំហរប្រឆាំងប្រទេសចិន ត្រូវបានកាត់បន្ថយក្រោមរដ្ឋការរបស់លោក ចូ បៃឌិន យ៉ាងណាក្ដី ក៏ការរឹតបន្តឹងលើការលក់ទំនិញ និងបច្ចេកវិទ្យាដែលសហរដ្ឋអាមេរិក បានអនុវត្តន៍ អំឡុងពេលកាន់អំណាចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានប្រសិទ្ធភាពអនុវត្តន៍នៅឡើយ។ ការរឹតបន្តឹងទាំងនោះ ប៉ះពាល់ដល់ផលិតផលបន្ទះឈីប អង់តែង និងថ្មសម្រាប់ទូរស័ព្ទ 5G របស់ Huawei។

លោក Eric Xu បានលើកឡើងថា វិស័យអាជីវកម្មដែលទាក់ទងនឹង 5G របស់ក្រុមហ៊ុន Huawei បានរងផលប៉ះពាល់យ៉ាងខ្លាំង។ ទោះជាយ៉ាងណា បច្ចេកវិទ្យាដែលមិនសូវទំនើប អាចត្រូវបានអនុម័តតាមករណីនីមួយៗដូចជា អាជ្ញាប័ណ្ណសម្រាប់បន្ទះឈីបស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានអនុម័តកាលពីចុងខែសីហា ដោយរដ្ឋការរបសលោក ចូ បៃឌិន ជាដើម។

លោកបានបង្ហាញសុទិដ្ឋិនិយម ដោយប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងរវាងប្រ​ទេសចិន និងសហរដ្ឋអាមេរិក។
លោកបានលើកឡើងដូច្នេះថា “ក្រុមហ៊ុន Huawei គ្រាន់តែជាអង្គភាពអាជីវកម្មធម្មតាមួយប៉ុណ្ណោះ។ យើងត្រូវផ្តល់សេវាកម្មល្អដល់អតិថិជនរបស់យើង ហើយព្យាយាមរិះរកវិធីចាំបាច់នានា ដើម្បីរក្សាការរស់រានរបស់ក្រុមហ៊ុនយើង”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here