ភ្នំពេញ ៖ ធនាគារពិភពលោកបានព្យាករជាថ្មីនូវកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នា២០២១នេះដោយមកត្រឹម២,២ភាគរយប៉ុណ្ណោះ ខណៈកាលពីដើមឆ្នាំធនាគារមួយនេះបានព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៤ភាគរយ ។
បើមលោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ដោយសារតែស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយនិងធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួនទៀត ទើបធនាគារពិភពលោកបានព្យាករជាថ្មីចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម២,២ភាគរយនៅឆ្នាំ២០២១ ខុសពីការព្យាករកាលពីដើមឆ្នាំ២០២១ ។ លោកថា៖«យើងឃើញថាការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះមានការងើបឡើងវិញធៀបនឹងឆ្នាំ២០២០ កន្លងទៅ ក្នុងនោះដែរវិស័យកសិកម្មក៏ជាវិស័យស្នួលនិងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១នេះ » ។
លោកបន្ត វិស័យទេសចរណ៍នៅកម្ពុជាសឹងតែដួលរលំទាំងស្រុងទៅហើយ ហើយការត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញរបស់រាជរដ្ឋាភិបាលគឺជាការជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យទេសចរណ៍កម្ពុជាឱ្យមានសកម្មភាពឡើងវិញ ។
ដោយឡែកលោកស្រី Maryam Salim សេដ្ឋវិទូធនាគារពិភពលោកក៏បានឱ្យដឹងដែរថា ការត្រៀមបើកសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាការជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
ទាំងធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាកំណើនសេដ្ឋកិច្ចជាវិជ្ជមានប៉ុន្តែស្ថាប័នអន្តរជាតិទាំងពីរនេះក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដូចគ្នា ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ីបានទម្លាក់ការពី៤ភាគរយកាលពីខែមេសា មកនៅត្រឹម១,៩ភាគរយ ៕