ដោយៈ គង់ ម៉ាណា
កំពង់ធំៈ ឯកអគ្គរដ្ឋទូតចិន លោកWang Wenbinបានសន្យាជម្រុញក្រុមហ៊ុនចិន មកវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរ នៅខេត្តកំពង់ធំ និងផ្សព្វផ្សាយពីរមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក ដល់ភ្ញៀវទេសចរណ៍ចិនមកទស្សនា។
លោកឯកអគ្គរដ្ឋទូត បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមភ្ជាប់ដោយរូបថត ដែលបានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ននៅមុននេះបន្តិចថា “ខ្ញុំរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមអភិបាលខេត្ត នួន ផារ័ត្ន និងទស្សនាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីជាមួយគ្នា”។
លោកបានបន្តថា យើងយល់ស្របថា ការទាក់ទាញក្រុមហ៊ុនចិនបន្ថែមទៀត មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ អាចធ្វើបាន ហើយបានយល់ព្រមក្នុងការផ្សព្វផ្សាយ ប្រាសាទសំបូរព្រៃគុកដល់ភ្ញៀវទេសចរចិន។
លោកបញ្ជាក់ថា “សូមអរគុណឯកឧត្ដមអភិបាលខេត្ត! អរគុណមិត្តកំពង់ធំ! រង់ចាំមកខេត្តកំពង់ធំម្តងទៀតនៅពេលក្រោយ”៕