ទីផ្សាររថយន្តអគ្គិសនីកាន់តែត្រូវប៉ាន់ ខណៈ Rolls-Royce ងាកមកផលិតរថយន្តអគ្គិសនី

ដោយៈសុខុម

ប៊ែកឡាំង: ដោយឃើញក្រុមហ៊ុនផលិតរថយន្តនានា ទូទាំងពិភពលោកសម្រុកងាកមកផលិតរថយន្តអគ្គិសនី យ៉ាងផុសផុសនៅមួយរយៈពេលចុងក្រោយនេះ ស្រាប់តែធ្លាយដំណឹងថា ក្រុមហ៊ុនផលិតរថយន្តប្រណីតលំដាប់សេដ្ឋី Rolls-Royce គ្រោងងាកមកផលិតរថយន្តអគ្គិសនីដូចគេដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនអង់គ្លេស Rolls-Royce បានប្រកាសកាលពីថ្ងៃពុធ ទី២៩ កញ្ញា ថា ខ្លួននឹងងាកមកផលិតរថយន្តអគ្គិសនី ទាំងស្រុងនៅត្រឹមឆ្នាំ២០៣០ ជាពិសេសក្រោយពីម៉ាកយីហោរថយន្តប្រណីតៗដូចជា Bentley របស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen និង Land Rover របស់ក្រុមហ៊ុនអង់គ្លេស Jaguar ត្រូវបានអភិវឌ្ឍទៅជារថយន្តអគ្គិសនី។

Rolls-Royce ដែលជាបុត្រសម្ព័ន្ធផ្ដាច់មុខរបស់ក្រុមហ៊ុន ផលិតរថយន្តអាល្លឺម៉ង់ BMW បានចេញសេចក្តីថ្លែងការណ៍ថា រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធសាធដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា Spectre នឹងមានដាក់លក់លើទីផ្សារនៅត្រីមាសទី៤ ឆ្នាំ២០២៣ ហើយការធ្វើតេស្តសាកល្បងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

លោក Torsten Muller-Otvos នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា ផលិតផលរថយន្ត Spectre គឺជាការចាប់ផ្ដើមរបស់ក្រុមហ៊ុនលោក ឆ្ពោះទៅកាន់ការផលិតរថយន្តអគ្គិសនីទាំងស្រុងនៅត្រឹមឆ្នាំ២០៣០។

ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនបានកំណត់កាលបរិច្ឆេទបញ្ចប់ការផលិតរថយន្តដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលនៅឡើយទេ។ ផ្ទុយមកវិញ ក្រុមហ៊ុននេះបានកំណត់គោលដៅផលិត រថយន្តអគ្គិសនីឱ្យបាន៥០%នៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែក្រុមហ៊ុន Mini ដែលជាបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែរនោះ បានប្រកាសកាលពីខែមីនាថា ខ្លួននឹងងាកមកផលិតរថយន្តអគ្គិសនីទាំងស្រុង នៅត្រឹមដំណាច់ទសវត្សរ៍នេះ។

ទន្ទឹមនេះ ម៉ាកយីហោ Land Rover របស់ Jaguar នឹងត្រូវអភិវឌ្ឍទៅជារថយន្តអគ្គិសនីទាំងស្រុង នៅត្រឹមឆ្នាំ២០២៥ ម៉ាកយីហោ Bentley របស់ Volkswagen នៅត្រឹមឆ្នាំ២០៣០ ហើយម៉ាកយីហោ Mercedes Benz របស់ក្រុមហ៊ុនអាល្លឺម៉ង់ Daimler នៅឆ្នាំ២០៣០ ប្រសិនបើស្ថានភាពទីផ្សារអំណោយផល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here