ថ្នាក់ដឹកនាំក្រសួងសាធារណៈការបន្តពិនិត្យគំរោងភស្តុភារកម្មបៃតងជាមួយអ្នកជំនាញជប៉ុន

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវកុយ សុដានី ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង(PMU)។

ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិ​បត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង(PMU) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) និងក្រុមទីប្រឹក្សាជាតិនៃគម្រោងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពសកម្មភាពការងារ ក្នុងរយៈពេលមួយខែកន្លងមករបស់ក្រុមការងារភស្តុភារកម្មបៃតង(Green Logistics) ក្រុមការងារទទួលបន្ទុកមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ (Regional Logistics Hub) ក្រុមការងារដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ (Cold Chain) ក្រុមការងារទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization) ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ក្រុមការងារសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន (Border Improvement) និងលទ្ធផលនៃការចុះអង្កេតនៅតំបន់ប៉ោយប៉ែត។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីវ ឌ្ឃនភាពការងារសំខាន់ៗ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការគ្នាល្អ ក៏ដូចជាដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព។

ជាមួយគ្នានេះ លោកជំទាវ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យកែសម្រួល និងពន្លឿនការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលត្រូវបង្កើតនៅក្នុងគម្រោងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច សំដៅធ្វើយ៉ាងណាឱ្យគោលនយោបាយ ផែនការយុទ្ធសាស្ត្រទាំងនោះ មានលក្ខណៈសមស្រប និងអាចអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែង នាពេលអនាគតរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងធានាបាននូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here