ដោយៈគង់ សូរិយា
ភ្នំពេញៈ ការស្ថាបនាមហាវិថីទេព វង្សបាននិងកំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម ខណៈផ្លូវសំខាន់នេះ ក្លាយជាផ្លូវវាងក្រុងព្រះសីហនុ ដែលជួយសម្រួលដល់ការធ្វើដំណើរផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យការសាងសង់វិថីសម្ដេចសង្ឃរាជទេពវង្ស (ផ្លូវខេត្តលេខ ១៤៦បេ) និងផ្លូវលេខ១៤៨ ដើម្បីធានាឱ្យសំណង់មានគុណភាព ស្របតាមស្តង់ដារបច្ចេកទេសដែលអាច ទទួលយកបាន។
ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យគុណភាព នៃការសាងសង់សំដៅធានាឱ្យ សំណង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារបច្ចេកទេសដែលអាចទទួលយកបាន អាចប្រើប្រាស់ជាប់ បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិកាជាតិក្នុងថែទាំជួសជុល។
កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពល សម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កំណាត់ផ្លូវនេះ សាងសង់ដោយចាក់បេតុងកៅស៊ូ (AC) មានទទឹង ១១ម៉ែត្រ កម្រាស់៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០,៥០ ម៉ែត្រសងខាងផ្លូវ ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង១១ម៉ែត្រកម្រាស់២៦ សង់ទីម៉ែត្រ មានប្រវែង២២,៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០,៥០ម៉ែត្រសងខាង ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។
កំណាត់ផ្លូវនេះសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាង សង់ចំនួន២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកា សន្សំរបស់ជាតិ ដោយគិតត្រឹមសប្តាហ៍ទី២ ខែកញ្ញា គម្រោងនេះសម្រេចការសាងសង់បាន ៤០,៨៩% ហើយ៕