វិស័យអចលនទ្រព្យឥណ្ឌូនេស៊ីនៅតែបង្ហាញភាពធន់ ក្នុងបរិបទសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាមានភាពតានតឹងពាណិជ្ជកម្មសកលយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែសភាពរឹងមាំ ជាពិសេសក្នុងចំណោមបណ្តាអ្នកវិនិយោគថ្នាក់កណ្តាល និងបណ្តាអ្នកវិនិយោគថ្នាក់ខ្ពស់។

សង្គ្រាម​ពាណិជ្ជកម្ម​​​បាន​ធ្វើឱ្យ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពន្យារពេលនៃការចរចាស្វែងរកនូវកិច្ចព្រមព្រៀងបន្ធូរពន្ធគយជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនដល់ថ្ងៃទី១ ខែសីហាខាងមុខ។

ខណៈបណ្តាវិនិយោគិនជាច្រើនបានចាត់វិធានការប្រុងប្រយ័ត្ន និងរង់ចាំមើលស្ថានការណ៍ វិស័យអចលនទ្រព្យឥណ្ឌូនេសុីបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ សមាគមឈ្មួញជើងសារអចលនវត្ថុឥណ្ឌូនេស៊ី (Arebi) បានអះអាងថា “អចលនទ្រព្យនៅតែជាប្រភេទទ្រព្យសកម្មដ៏ពេញនិយម ទោះបីជាមានភាពមិនច្បាស់លាស់យ៉ាងណាក្តី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Clement Francis ប្រធានសមាគម Arebi បានមានប្រសាសន៍ឱ្យដឹងថា “ទោះបីជាមានភាពមិនច្បាស់លាស់ជាសកលយ៉ាងណាក្តី វិស័យអចលនទ្រព្យឥណ្ឌូនេសុីនៅតែមានភាពទាក់ទាញចំពោះបណ្តាអ្នកវិនិយោគ”។

លោកបានវាយតម្លៃថា តម្រូវការអចលនទ្រព្យក្នុងប្រទេសនេះនៅតែមាននិរន្តរភាព ដោយសារការកើនឡើងនៃចំនួនប្រជាជនក្នុងទីក្រុង និងកំណើនតម្រូវការលំនៅដ្ឋានក្នុងទីក្រុងធំៗ។

លោក Clement បានបញ្ជាក់បន្ថែមថា “ចំណុចខាងលើនេះបានសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អចលនទ្រព្យនៅតែបន្តជាជម្រើសក្នុងការវិនិយោគដ៏ទាក់ទាញ”។

យោងតាមក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគ (BKPM) របស់រដ្ឋាភិបាលឥណ្ឌូនេសុីបានឱ្យដឹងថា វិស័យអចលនទ្រព្យបានចូលរួមចំណែកជាង៩ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោក Rahmad Yulianto នាយកផ្នែកអភិវឌ្ឍន៍ និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សា BKPM បានគូសបញ្ជាក់ថា កាលពីឆ្នាំមុន បណ្តាអ្នកវិនិយោគក្នុងស្រុកបានចាក់បញ្ចូលទុនវិនិយោគចំនួន៣០ទ្រីលានរូពៀ (ប្រមាណ១,៨ពាន់លានដុល្លារ) ទៅក្នុងទីផ្សារអចលនទ្រព្យ។

ទោះបីជាមានទស្សនវិស័យសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាយ៉ាងណាក្តី វិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែបង្ហាញភាពធន់ ដោយសារកំណើនតម្រូវការក្នុងស្រុក និងទំនុកចិត្តរយៈពេលវែងរបស់បណ្តាអ្នកវិនិយោគ៕ប្រភព: Jakarta Globe៕

LEAVE A REPLY

Please enter your comment!
Please enter your name here