ដោយៈ ចំណាន
សេអ៊ូលៈ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកឈៀង ពេជ្រ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម “វេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េលើកទី១៥ (The 15th ASEAN-ROK Transport Cooperation Forum)”។
វេទិកានេះ រៀបចំឡើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
វេទិកានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលក្នុងឆ្នាំ២០២៥ នេះ បានកំណត់ប្រធានបទ “ដំណោះស្រាយដោយប្រើបញ្ញាសិប្បនិម្មិត្ត AI សម្រាប់ ចល័តភាពកាន់តែឆ្លាតវៃ និងមានសុវត្ថិភាព”(AI-Powered Solutions for Smarter and Safer Mobility)។
ក្នុងកម្មវិធីបើកវេទិកា លោកផាក សាំងវូ(Park Sangwoo) រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ បានរំលេចយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត្ត(AI) កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូនទាំងមូល ទាំងផ្នែកផ្លូវគោក ផ្លូវអាកាសចរណ៍ ផ្លូវទឹកនិងសមុទ្រ។
ដោយមើលឃើញពីតម្រូវការ និងអាទិភាពទាក់ទងនឹងការដឹកជញ្ជូនផ្សេងៗគ្នា ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន សាធារណរដ្ឋកូរ៉េ បានលើកយករបៀបវារៈនេះឡើង ដើម្បីចែករំលេកគ្នាទៅវិញទៅមកក្នុងគោលចំណងធ្វើការអភិវឌ្ឍរួមគ្នាលើវិស័យនេះ។
ក្នុងវគ្គទីមួយនៃវេទិកានេះ ប្រទេសជាសមាជិកអាស៊ានទាំងដប់ បានចែករំលែក តាមរយៈការធ្វើបទអន្តរាគមន៍ និងបទបង្ហាញពីវឌ្ឍនភាពរបស់បណ្តាប្រទេសរៀងៗខ្លួន ក្នុងវិស័យAI ដែលក្នុងនោះ កម្ពុជាបានបង្ហាញពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងដំណើរការក្នុងការបញ្ចប់ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ព្រមទាំងបង្ហាញពីវឌ្ឍនភាពការងារមួយចំនួន ដូចជា ការងារគ្រប់គ្រងការងារដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធឌីជីថល មានជាអាទិ៍ ភ្លើងសញ្ញាចរាចរណ៍ ដែលមានបំពាក់កាមេរ៉ាAI ការគ្រប់គ្រងដំណើរការរថយន្តក្រុង ការទូទាត់ប្រាក់តាមប្រព័ន្ធឆ្លាតវៃ ពិសេសនៅលើផ្លូវល្បឿនលឿន និងកំពុងបន្តអភិវឌ្ឍបន្ថែមទៀតលើវិស័យដឹកជញ្ជូន។
អ្នកជំនាញកូរ៉េបានធ្វើបទបង្ហាញ ចែករំលែកបទពិសេធន៍របស់កូរ៉េ លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត្ត(AI) លើវិស័យដឹកជញ្ជូនផ្សេងៗ ដូចជា ផ្លូវគោក៖ មានការលើកកម្ពស់យានយន្តគ្មានអ្នកបើកបរ ការធ្វើឱ្យមានប្រសិទ្ធភាព ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថភ្លើង ផ្លូវអាកាស៖ មានការគ្រប់គ្រងផ្លូវអាកាសក្នុងទីក្រុង និងក្នុងអាកាសយានដ្ឋាន ផ្លូវទឹក និងផ្លូវសមុទ្រ៖ មានបទដ្ឋានសកលស្តីពី ការកំណត់ទីតាំងឆ្លាតវៃ។ល។
ក្នុងវេទិកានេះ ក៏មានការពិភាក្សាអំពីផែនទី បង្ហាញផ្លូវស្ដីពីកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ សម្រាប់ឆ្នាំ២០២៦-២០៣០ ផងដែរ ដែលផែនការនេះ គ្រោងនឹងដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន នៅក្នុងខែវិច្ឆិកា ២០២៥ ខាងមុខនេះនៅប្រទេសមីយ៉ាន់ម៉ា៕