ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកបានបង្ហាញមហិច្ឆិតាសាងសង់អគារខ្ពស់កប់ពពកឈ្មោះ“Miapolis”មានកំពស់៩៨០ម៉ែត្រស្ថិតនៅលើកោះ Watson ស្ថិតក្នុងទីក្រុងឆ្នេរសមុទ្រ Miami នៃរដ្ឋផ្លរីដា (Florida)។
ប្រសិនបើត្រូវបានអនុម័តឱ្យសាងសង់ គម្រោងអគារ Miapolis នឹងវ៉ាដាច់អគារ Burj Khalifa នៅទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលជាអគារខ្ពស់ជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ អគារ Miapolis នឹងមានកំពស់១៦០ជាន់។
អគារកប់ពពកនេះនឹងរួមមាន ចំនួនអាផាតមុិនប្រហែល១.០០០យូនីត ព្រមទាំងមានសណ្ឋាគារចំនួន៧៩២បន្ទប់ និងទំហំការិយាល័យចំនួន១លានម៉ែត្រការ៉េ បូករួមទាំង ហាងលក់ទំនិញ ភោជនីយដ្ឋានប្រណីត និងផ្សារទំនើប។
គម្រោងអគារកប់ពពក Miapolis ក៏រួមមានសួនកម្សាន្ត កន្លែងសង្កេតការណ៍ ទីតាំងអង្គុយមើលទេសភាពរបស់ទីក្រុង Miami និងឆ្នេរសមុទ្រ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារសំណង់ចំនួន៤៦.០០០កន្លែង និងការងារអចិន្ត្រៃយ៍ចំនួន៣៥.០០០កន្លែង។
គម្រោងនេះមានគោលដៅសម្រេចឱ្យបានវិញ្ញាបនបត្របញ្ជាក់ពីនិរន្តរភាពបៃតង (LEED Platinum) តាមរយៈការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដូចជា ការប្រើប្រាស់ថាមពលចំនួន៦០ភាគរយនៃតម្រូវការសរុបពីទួរប៊ីនខ្យល់ ដំបូលសូឡា ប្រព័ន្ធបន្សុទ្ធខ្យល់ ការគ្រប់គ្រងទឹកភ្លៀង និងការកែច្នៃកាកសំណល់។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Guillermo Socarras និងលោក Kobi Karp ដែលជាស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្ម Kobi Karp Architecture & Interior Design ដោយទាមទារទុនវិនិយោគចំនួន២២ពាន់លានដុល្លារ។
គម្រោងខាងលើនេះក៏ប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការអនុម័តយល់ព្រមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដោយសារតែការសាងសង់អគារខ្ពស់កប់ពពកអាចប៉ះពាល់ដល់ចរាចរណ៍ផ្លូវអាកាស ព្រមទាំងត្រូវការដើមទុនធំ និងការគាំទ្រពីសហគមន៍មូលដ្ឋាន។
គិតរហូតមកដល់ពេលនេះ គម្រោងអគារខ្ពស់កប់ពពក“Miapolis”កំពស់៩៨០ម៉ែត្រ នៅតែជាចក្ខុវិស័យមួយ ដោយមិនមានការចាប់ផ្តើមសាងសង់នៅឡើយទេ៕ប្រភព: Wikipedia៕